(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកឯង បឋ​មសិក្សាច្បារអំពៅ បឋមសិក្សាព្រែកឯង បឋមសិក្សាវាលស្បូវ ផ្ទះលក់ដូរតាម​ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ។

មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក ឈាមជ្រូក សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង ប៉េងប៉ោះ ការ៉ុត ស្លឹកគូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ។ ចំណែកផលិតផលភេសជ្ជៈ ក៏រកមិនឃើញផលិតផលណា​មួយហួសកាលបរិច្ឆេទ និងខូចគុណភាព​ដែរ។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក ប៊ុន ចំរើន បានបន្តថា ឥឡូវនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់មន្រ្តីប្រចាំការ នៅតាមបណ្តាផ្សារ គោលដៅមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលមានការសង្ស័យលើមុខម្ហូបណា សង្ស័យមានសារធាតុគីមី អាចមក ពិនិត្យបានភ្លាមៗតែម្តង។

បើតាមលោក ប៊ុន ចំរើន សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាត របស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំ របស់អគ្គនាយក ដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់ ៕