(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចនូវអត្ថន័យនៃបទចម្រៀងដែលមានចំណងជើងថា «សំបុត្រលំបាកសរសេរបំផុត» ដោយបង្ហាញនូវរឿងពិត របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧។

សម្តចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា៖

ជិតដល់ខួបលើកទី៤០ នៃថ្ងៃរំដោះ ៧មករាខាងក្រោមនេះ​ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧​ ដែលមានចំណងជើងថា​ «សំបុត្រលំបាកសរសេរបំផុត» ខ្ញុំសូមបងប្អូនជនរួមជាតិអានស្វែងយល់អំពី​រឿងពិតរបស់ខ្ញុំនិងភរិយា​ ដូចខាងក្រោម៖

* I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់
បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។

* II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា
ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី ។

* III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី
ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង ។

* IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង
វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង ។

* V. នេះជាពាក្យពេចន៍ ពិបាករកបំផុត សរសេរសំបុត្រ ស្ទើរស្លុតវង្វេង
ភាពមិនទៀងទាត់ ហ៊ុព័ទ្ធស្តាំឆ្វេង ពិបាកនឹងថ្លែង ប្រាប់អូនអោយច្បាស់ ។

* VI. នេះជាពាក្យគោល ន័យប្រមូលផ្តុំ ជាពាក្យដែលខ្ញុំ ចាំបានខ្លាំងណាស់
ក្រដាសស៊ីម៉ងត៍ មានវាចត្រង់ខ្លះ ប៉ុន្តែដាមដាស ដោយស្នាមទឹកភ្នែក ។

* VII. បញ្ចប់ត្រឹមឃ្លា លាដើម្បីជួប គ្មានកំណត់ខែខួប រៀបរាប់វែកញែក
បង្កប់អត្ថន័យ លាយនឹងទឹកភ្នែក សង្ឃឹមរំលែក ចែកនឹងអស់សង្ឃឹម ។

* VIII. ប្រើពេលពីរម៉ោង ឃ្លោងឃ្លាប៉ុណ្ណឹង សញ្ជប់សញ្ជឹង រំពឹងផ្ទូរផ្ទឹម
ដើម្បីភរិយា មានក្តីសង្ឃឹម អនាគតញញឹម ជួបជុំប្តីកូន៕