(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ២៣នៅក្នុងខេត្តកំពង់ស្ពឺ។ គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០១៨ មកដល់ត្រឹមជំនួបនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបកម្មករ កម្មការិនីសរុបជិត ៦០ម៉ឺននាក់។

ជំនួបសំណេះសំណាលនៅថ្ងៃស្អែក នឹងធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជំនួបនៅថ្ងៃស្អែកជាជំនួបលើកទី៥ហើយសម្រាប់ខេត្តកំពង់ស្ពឺ នៅសល់ជំនួបមួយលើកទៀត ទើបបញ្ចប់ជុំទី១នៅក្នុងខេត្តកំពង់ស្ពឺនេះ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះថា កម្មករ កម្មការិនី ១៧,៦២១នាក់ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនៅថ្ងៃស្អែកនេះ មកពីរោងចក្រសហគ្រាសស្ថិតនៅក្នុងស្រុកសំរោងទងទាំងអស់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។ រោងចក្រទាំង២៣ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីបានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥, ផលិតសម្ភារៈធ្វើដំណើរចំនួន៣, ផលិតខ្សែរូតចំនួន១, ផលិតប្រដាប់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។

បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ផលិតផលផលិតនៅរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្ម ហើយក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយកាលពីសម័យសង្គ្រាមផងដែរ។ បច្ចុប្បន្នខេត្តនេះ បានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងជាច្រកសេដ្ឋកិច្ចភ្នំពេញឆ្ពោះទៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុផងដែរ។ សព្វថ្ងៃនេះខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃការអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ គឺជាការជួបសំណេះសំណាលលើកទី៦០ហើយ។ ៦០លើកនេះ មានកម្មករ និយោជិត ប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាលចូលរួមសរុប ៨៥៩,៥៦៧នាក់។

បើកគិតពីដើមឆ្នាំ២០១៨ ដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៣៥លើក ហើយមានកម្មករ និយោជិត ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាលចូលរួម ៥៨០,៥១៣នាក់។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕