(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានចុះ​ត្រួតពិនិត្យទីតាំងវិទ្យាល័យថ្មគោល និងប្រជុំជាមួយក្រុមការងារនៅសាលាស្រុក ដែលសិស្សនៅវិទ្យាល័យថ្មគោល បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៦៣នាក់ កន្លងទៅថ្មីៗនេះ។

លោក ហាក់ សុខរិន ប្រធានសាខាកកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចូលរួមប្រជុំពិភាក្សានៅសាលាស្រុកថ្មគោល រួចក៏បានបន្តចុះទៅសាលាវិទ្យាថ្មគោល ដើម្បីអប់រំផ្សព្វផ្សាយ និងទៅមន្ទីរពេទ្យបង្អែកថ្មគោលដើម្បីសាកសួរព័ត៌មាន អំពីសិស្សសាលាដែលបានដួលសន្លប់ដែលមានស្ថាប័នពាក់ព័ន្ធជាច្រើន ចូលរួមក្រោមអធិបតីភាព លោកអភិបាលស្រុកថ្មគោល។

ករណីដែលបានកើតឡើងកាលពីថ្ងៃទី៦ ដល់ថ្ងៃទៅ១១ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍មួយបានកើតឡើង ដោយសិស្សានុសិស្សចំនួន៦៣នាក់ ក្នុងនោះមានប្រុស១នាក់ បានវិល
មុខ ដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងសាលា។

យោងតាមស្មារតីអង្គប្រជុំនៅសាលាស្រុកថ្មគោល និងការសាកសួរដោយផ្ទាល់នៅតាមសាលាវិទ្យាល័យថ្មគោល និងមន្ទីរពេទ្យបង្អែកថ្មគោលរួចមក អភិបាលស្រុកថ្មគោល និងលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ទទួលបន្ទុកជំងឺឆ្លង និងមន្ត្រីជំនាញកាំកុងត្រូល បានសរុបសេចក្តីថា មិនបណ្តាលមកពីចំណីអាហារនោះឡើយ។

មន្រ្តីជំនាញបានបន្តថា ករណីនេះអាចមកពីការរៀនសូត្រទាំងម៉ោងរដ្ឋ និងម៉ោងគួរបន្ថែម លើសម៉ោងរហូតដល់១២ម៉ោងក្នុងមួយថ្ងៃ។ ការភ័យតក់ស្លុតតាមគ្នា, ការហូបចុកមិនទៀងទាត់ មិនបានគ្រប់គ្រាន់, សម្រាកមិនបានគ្រប់គ្រាន់, នឿយហត់, អស់កម្លាំងធ្វើឲ្យសុខភាពខ្សោយបណ្តាលឲ្យវិលមុខ ដួលសន្លប់តែម្តង។

គួរបញ្ជាក់ថា ករណីនេះគឺបានកើតឡើងប្រហាក់ប្រហែល ទៅនិងការកើតឡើងចំពោះសិស្សវិទ្យាល័យសំពៅលូនផងដែរ៕