(ស្វាយរៀង)៖ ទស្សនិកជន និងប្រជាពលរដ្ឋជាច្រើន ពិតនៅចាំបានថា លោក ឌី ថារ៉េន ម្ចាស់ជ័យលាភីប្រឡងចម្រៀងសកលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយទទួលបានចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ តែបានអាក់ខានឃើញមុខតាមកញ្ចក់ទូរទស្សន៍ និងតាមវង់តន្ត្រីផ្សេងៗ ដោយសារជីវភាពជួបការលំបាក និងបានធ្វើជាកម្មករសំណង់នៅភ្នំពេញ រហូតថែមទាំងត្រូវមេការសំណង់ មិនបើកលុយឲ្យទៀត ហើយក៏ត្រឡប់ទៅធ្វើកម្មករសំណង់នៅខេត្តស្វាយរៀងវិញ។

ប៉ុន្តែក្រោយពីអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត បានចុះផ្សាយពីជីវិតពិតរបស់លោករួចមកនោះ ម្ចាស់ជ័យលាភីរូបនេះ បានទទួលការសណ្តោសប្រណីពី ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកទាំង២ បានឧបត្ថម្ភសម្រាប់សម្រួលដល់ជីវភាពប្រចាំថ្ងៃ រហូតលោកទទួលបានឱកាសឡើងច្រៀង តាមស្ថានីយ៍ទូរទស្សន៍ និងធ្វើឲ្យប្រជាពលរដ្ឋបានស្គាល់ឡើងវិញ។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឌី ថារ៉េន ម្ចាស់ជ័យលាភីលេខ១ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅពេលនេះ លោកត្រូវបានស្ថានីយ៍ទូរទស្សន៍ CNC និង CTN ហៅឲ្យឡើងច្រៀងក្នុងកម្មវិធីផ្សេងៗផងដែរ ក្នុងនោះក៏មានខាងព័ត៌មានសិល្បៈ បានធ្វើកិច្ចសម្ភាសន៍ឲ្យច្រៀងចម្រៀងគោក និងបានឧបត្ថម្ភថវិកានិងអង្ករមួយចំនួន។

លោកបានបន្តថា ដោយមើលឃើញនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក៏មានសប្បុរសជនក្នុងស្រុក និងក្រៅស្រុក បាននិពន្ធបទចម្រៀងឲ្យលោកច្រៀងជាច្រើនបទ ដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះ កាលពីសប្តាហ៍មុន កម្មវិធីចម្រៀងមហាគ្រួសារខ្មែរ ដែលរៀបរៀងឡើងដោយលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ បានអញ្ជើញរូបលោកច្រៀងលេងកម្សាន្ត រួមមានលោក ម៉ៅ ហាជី និងតារាចម្រៀងស្រីម្នាក់ទៀតផងដែរ។

ជាមួយគ្នានេះ លោក ឌី ថារ៉េន សូមថ្លែងអំណរគុណដ៏ជ្រាវជ្រៅបំផុតដល់សម្តេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែងតែជួយឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ដែលជួបការខ្វះខាត ជាពិសេសនោះបានផ្តល់ឱកាសដល់អ្នកមានសមត្ថភាពខាងសិល្បៈ បានបញ្ចេញទេពកោសល្យរបស់ខ្លួន ក្នុងវិថីសិល្បៈដោយមិនទុកអ្នកសិល្បៈមួយណានៅឯកោឡើយ។

ម្ចាស់ជ័យលាភីរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ចាម សព្វថ្ងៃរស់នៅខេត្តកំពត ហើយបានច្រៀងប្រចាំវង់តន្ត្រីមួយនៅខេត្តកំពតផងដែរ៕