(ភ្នំពេញ)៖ តាមការគ្រោងទុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងរបស់សហជីពទាំង០៦រូប។ នេះបើការប្រកាសរបស់ លោក អ៉ឹម វណ្ណ: ចៅក្រមជំនុំជម្រះនៃសាលដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការកាលពីថ្ងៃទី០៧ ខែធ្នូ។

មេៗសហជីពទាំង០៦នោះរួមមាន លោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ដែលត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស កាលពីឆ្នាំ២០១៣-២០១៤។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សវនាការកន្លងទៅនេះ មិនមានវត្តមានជនត្រូវចោទទាំង៦នាក់នោះទេ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕