(កំពង់ស្ពឺ)៖ សិលាចារឹកខ្មែរដ៏មានតម្លៃមហាសាលមួយផ្ទាំង ដែលត្រូវបានកសាងឡើងនៅមុនសម័យមហានគរ (សតវត្សរ៍ទី៧) មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោយព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ព្រមប្រគល់ជូនអាជ្ញាធរ ដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។

សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំងក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យ «សុវណ្ណភូមិ»។ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចទុកនៅវត្តគិរីស្តេចគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ។

ពាក់ព័ន្ធនឹងវត្ថុដ៏មានតម្លៃមហាសាលនេះ ដើមឡើយ ក៏បានបង្កជាការព្រួយបារម្ភខ្លាំងណាស់ដែរសម្រាប់ជាតិកម្ពុជាទាំងមូល ពីព្រោះតែព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី (ក្នុងន័យដើម្បីថែរក្សាការពារសុវត្ថិភាពសិលាចារឹក) ព្រមទាំងកៀរគរប្រជាពុទ្ធបរិស័ទមករារាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មិនឱ្យចុះរកសិលាចារឹកដែលបានលាក់នោះទៀតផង។

លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើយកសិលាចារឹកពីវត្តគិរីស្ដេចគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ ដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង។

ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូនអាជ្ញាធរសោះឡើយ ថែមទាំងយកសិលាចារឹកនោះទៅលាក់ទុកទៀត ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្លាពីសំណាក់មហាជន និងប្រជាជាតិខ្មែរទាំងមូល ចំពោះសុវត្ថិភាពសិលាចារឹករបស់ខ្មែរមួយផ្ទាំងនេះ។

ដោយសារមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត និងពីសំណាក់សម្ដេចព្រះសង្ឃនាយក នន់ ង៉ែត ជូនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង់ផងនោះ ទើបនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះចៅអធិការវត្តគិរីស្ដេចគង់ ព្រមប្រគល់សិលាចារឹកជូនសមត្ថកិច្ច។

ខណៈនេះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងសមត្ថកិច្ចកំពុងរៀបចំដំណើរនាំយកសិលាចារឹកនោះ មកតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ដើម្បីជម្រះមន្ទិលជូនមហាជន និងដើម្បីពង្រឹងការការពារសុវត្ថិភាពចំពោះសម្បត្តិបេតិកភណ្ឌជាតិមួយនេះផងដែរ៕