(រតនគិរី)៖ ស្ពានបេតុងឆ្លងកាត់អូរលីង ប្រវែង៥០​ម៉ែត្រ និងសាលារួមភូមិធ្វើអំពីឈើប្រក់ស័ង្កសី ដែលជាអំណោយរបស់​លោកព្រឹទ្ធាចារ្យ ប៊ូ ថង និងលោកស្រី ខាំ ភៀន ប៊ូ​ថង ផ្តល់ជូនប្រជាពលរដ្ឋឃុំកាចូន ស្រុកវើនសៃ ខេត្ដរតនគិរី ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដ្ឋបាលខេត្តរតនគិរី រៀបចំប្រារព្ធមិទ្ទីងអប​អរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​២ធ្នូ ១៩៧៨​-​២ធ្នូ ២០១៨។​

ពិធីសម្ពោធ និងទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើ​ឡើងព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៨នេះ នៅភូមិ​កាចូន ឃុំកាចូន ស្រុកវើន​សៃ ក្រោមអធិបតីភាព លោកព្រឹទ្ធាចារ្យ ប៊ូ ថង​ សមាជិក​អចិន្រ្តៃយ៍គណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី និងជាទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

បន្ទាប់ពីការកាត់ខ្សែបូសម្ពោធសមិទ្ធផលរួចមកលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​ណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិខេត្ត បានលើកឡើងថា ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ​៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ហើយថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា បានរំដោះ​ទឹកដី និងរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់​ចំពោះបុព្វហេតុ នៃការរស់​រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា រណសិរ្ស​២ធ្នូ មិនត្រឹមតែសង្គ្រោះឲ្យរួចផុតពីគ្រោះ​មហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ​រណសិរ្ស​២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា​មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស។ រណសិរ្សសាមគ្គី សង្គ្រោះជាតិ​មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ បច្ចុប្បន្នដូរឈ្មោះ មកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»​។

ជាមួយគ្នានេះ លោកព្រឹទ្ធាចារ្យ ប៊ូ ថង បានរំលឹកឡើងវិញពីដំណើរជីវិតរបស់ព្រឹទ្ធាចារ្យ ក្នុងការចូលរួមជាមួយរណសិរ្យសាមគ្គីសង្គ្រោះជាតិមាតុភូមិ ក្នុងការរំដោះជាតិមាតុភូមិពីរបប ប៉ុល ពត។ លោកព្រឹទ្ធាចារ្យសង្កត់ធ្ងន់ថា ជាកូនជនជាតិដើមភាគតិចរូបលោក រួមនិងឥស្សរជនជនជាតិដើមភាគតិច មួយចំនួនទៀត រួមមានលោក ស៊ើយ កែវ, លោក ប៊ុន មី ព្រមទាំងឥស្សរជនជនជាតិដើមភាគតិចជាច្រើនរូបទៀត ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយសម្តេចទាំងបី បង្កើតឡើងនូវរណសិរ្យសាមគ្គីសង្រ្គោះជាតិមាតុភូមិកម្ពុជា ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពី របបកម្ពុជាប្រជាធិតេយ្យ ប៉ុល ពត រហូតទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។

លោកបានបន្តថា អ្វីៗដែលប្រជាជនជនកម្ពុជាទទួលបាននាពេលនេះ គឺផ្តើមឡើងពីការបូជាសាច់ស្រស់ឈាមស្រស់ របស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ជំនាន់មុន។ ​បើគ្មាន​រណសិរ្យ ២ធ្នូ ១៩៧៨ទេ ក៏គ្មានថ្ងៃជ័យជំនះ ៧មករា ១៩៧៩ដែរ ហើយបើគ្មានជ័យជំនះ៧មករា ១៩៧៩ទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។

លោកព្រឹទ្ធាចារ្យ ប៊ូ ថង ក៏បានលើកឡើងផងដែរ ពីនយោបាយឈ្នះឈ្នះរបស់សម្តេច​តេជោ ហ៊ុន សែន ដែលបាននាំមកនូវការឯកភាពជាតិ សុខសន្តិភាព ស្ថេរភាពនយោបាយប្រជាជនរស់នៅក្រោមដំបូលរដ្ឋធមនុញ្ញតែមួយ រស់នៅក្រោមម្លប់នៃសន្តិភាពព្រមទាំងប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នះសូមកូន ក្មួយ និងចៅៗជំនាន់ក្រោយ បន្តចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផល ២ធ្នូ សមិទ្ធផល៧មករា ឲ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់បន្តបន្ទាប់ទៀត៕​