(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅភូមិត្រពាំងចំបក់ ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ក្នុងបំណងបំផុសស្មារតី ក្នុងរដូវច្រូតកាត់ផលស្រូវ របស់បងប្អូនប្រជាកសិករទូទាំងខេត្ត។

ថ្លែងក្នុងឱកាសចុះច្រូតស្រូវជូនប្រជាពលរដ្ឋ លោក វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាកសិករថា ដើម្បីជៀសវាងបាននៅហានិភ័យ ប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បញ្ហាភ្លើងឆេះ កណ្តាប់ស្រូវដែលច្រូត រួចហើយទុកតាមវាលស្រែ ដែលកន្លងមកធ្លាប់កើតមាន នៅតាមបណ្តាស្រុកមួយចំនួន ក្នុងនោះក៏ត្រូវបង្ការភ្លើងឆេះព្រៃ អាចរាលដាលដល់វាលស្រែរបស់យើងផងដែរ ។

លោកអភិបាល បានថ្លែងបន្ថែមទៀតថា នៅទូទាំងខេត្តកំពង់ស្ពឺ ឆ្នាំនេះទទួលបានផលស្រូវល្អប្រសើរ ដែលកសិករទទួលបានទឹកភ្លៀងគ្រប់គ្រាន់ ហើយដោយបានការយកចិត្តទុកដាក់ពីមន្ត្រីរាជការជំនាញ ចុះអប់រំក្នុងវិស័យកសិកម្មផងដែរ៕