(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា សហរដ្ឋអាមេរិក មិនមែនជាបិតាប្រជាធិបតេយ្យនោះទេ។ លោកអះអាងថា បើនិយាយអំពីសិទ្ធិមនុស្សវិញ កម្ពុជាមានភាពល្អប្រើសើរជាងអាមេរិកផងដែរ។

ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ​ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅសាលមហោស្រពកោះពេជ្រ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មានបងប្អូនប្រជាជនខ្មែរយើងខ្លះ លោកមានការយល់ច្រឡំថា ជាបិតាប្រជាធិបតេយ្យ តាមពិតមិនមែនទេ។ បញ្ហាច្រើនណាស់»។

បើតាមលោក​ កែវ រ៉េមី ផ្អែកលើទិន្នន័យមួយ​ពីអង្គការសង្គមស៊ីវិលអាមេរិកបានឲ្យដឹងថា ប្រជាជនអាមេរិក​ មានតែ៥ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបនៅលើសកលលោក ក៏ប៉ុន្តែអ្នកទោសអាមេរិកមានដល់ទៅ ២៥ភាគរយ នៃចំនួនអ្នកជាប់គុកទូទាំងសកលលោក។

លោកថា បើគិតអត្រា​នៃអ្នកជាប់គុកនៅអាមេរិក គឺខ្ពស់មែនទែន ហើយបើគិតជាតួលេខគឺ ២.៤លាននាក់ បើគិតជាប្រជាជននៅរាជធានីភ្នំពេញ ប្រហាក់ប្រហែលនៅទីក្រុងភ្នំពេញ។ លោក កែវ រ៉េមី បានបន្តថា គេសង្កេតឃើញទៀតថា អ្នកជាប់គុកនៅសហរដ្ឋអាមេរិក៦០ភាគរយ សម្បុរមិនមែនពណ៌សទេ គឺដូចជាស្បែកខ្មៅ ម៉ិចស៉ីកូ​ អាស៉ី​។

លោក កែវ រ៉េមី បានគូសបញ្ជាក់ដែរថា ចំណែកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្តា ប្រទេសមួយចំនួននៅទ្វីប​អាស៉ី នៅអឺរ៉ុប ជាពិសេសបើប្រៀបធៀបនឹងអាមេរិក។ ជាមួយគ្នានេះ សន្តិភាព​ គឺជាគន្លឹះមួយ នៃការដែលនាំឲ្យសិទ្ធមនុស្ស កាន់តែត្រូវបានលើកកម្ពស់។

លោកបានបញ្ជាក់បន្ថែមថា «មានប្រជាពលរដ្ឋ សួរខ្ញុំតាម Facebook ថា កម្ពុជាមានសិទ្ធិមនុស្សទេ? មានការគោរពសិទ្ធិមនុស្សអត់? ខ្ញុំឆ្លើយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរណាស់ ប្រៀបធៀបជាមួយ បណ្តាប្រទេសជិតខាងមួយចំនួន នៅអាស៉ី នៅអឺរ៉ុប នៅអាមេរិក ស្ថានភាពរបស់យើង មានលក្ខណៈល្អប្រសើរ។ អញ្ចឹងខ្ញុំសូមជម្រាបជូនទៀតថា កត្តាសន្តិភាព គឺជាគន្លឹះមួយនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស»