(ភ្នំពេញ)៖ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ ចាប់​ពីថ្ងៃទី០៦-០៨ ខែធ្នូ ២០១៨ នៅទីក្រុង Lampung ប្រទេសឥណ្ឌូណេស៊ី, នៅព្រឹកថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដំណើរបេសកកម្មទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត​ ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពី​សាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ ក្រោមការរៀបចំរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ និង១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងម៉ាក្កះ។​

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះដែរ នៅថ្ងៃទី១១ មុនសន្និសីទ លោក​នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួនផងដែរ។

បើតាមលោកទេសរដ្ឋមន្ដ្រី លោកនឹងជួបពិភាក្សាការងារជាមួយ​ រដ្ឋមន្រ្តីកិច្ចការឥស្លាម លោក Sheikh Abdullatif bin Abdulaziz Al-Sheikh នៅទីស្តីការក្រសួង ទីក្រុងរីយ៉ាដ, អនុប្រធានមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ, អតីតប្រធាននាយកដ្ឋានមូស្លិមភាគតិច ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC, ប្រធានក្រុមប្រឹក្សាសហគមន៍ឥស្លាមពិភពលោក និងអគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម OIC នៅអគ្គលេខាធិការដ្ឋាន ទីក្រុងជុតដះ៕