(ភ្នំពេញ)៖ វាគ្មិនល្បីៗផ្នែកផ្លូវ​ចិត្តជាច្រើនរូបនៅកម្ពុជា បានជួបគ្នាចែករំលែកគន្លឹះដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ «រោគសញ្ញា​​​​​​​​​​​ និងដំណោះស្រាយ​នៃជំងឺធ្លាក់ទឹកចិត្ត​ និងថប់បារម្ភ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន CJCC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨​។ នៅក្នុងសិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, វាគ្មិនល្បីៗផ្នែកផ្លូវ​ចិត្តជាច្រើនរូបនៅកម្ពុជា និងមន្រ្តីដែលធ្វើការពាក់ព័ន្ធទៅលើការប្រយុទ្ធប្រឆាំង ទៅលើផលិតផលក្លែងក្លាយជាច្រើនរូបទៀត។

ដោយសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ផលិតផលក្លែងក្លាយ នៅតែបន្តមាន​ចរាចរណ៍នៅកម្ពុជា ធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវ​កាយរបស់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ មានសុខភាពផ្លូវ​កាយទ្រុតទ្រោម នោះផ្លូវចិត្កយើងក៏មាន​បញ្ហាដែរគ្រាន់តែតិច និងច្រើន។ មូលហេតុនេះហើយ បាន​ជាក្រុមវាគ្មិន​ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀប​ចំកម្មវិធីសិក្ខាសាលានេះឡើង។

នាយឧត្តមសេនីយ៍ មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា ដោយសារស្ថានភាពបរិយាកាសង្គម​ បរិស្ថាន របៀបរបបរស់នៅ ក្នុងទីក្រុងសព្វថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហាផ្លូវ​ចិត្តទោះក្នុងកម្រិតស្រាលណាមួយ គឺមនុស្សម្នាក់អាចនឹងមានបញ្ហានេះកើតឡើង។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាជ សុផាន់ណា ក៏បានកោតសរសើរដែលបានបង្កើតកម្មវិធី សិក្ខាសាលា​នេះឡើង ហើយសិក្ខាសាលាមួយនេះ នឹងធ្វើឲ្យសិក្ខាកាមទទួលបានអត្ថប្រយោជន៍ ពីការពិភាក្សា ផ្តល់យោប​ល់ និងចែករំលែកចំណេះនៅក្នុងឱកាសនេះ។

នាយឧត្តមសេនីយ៍ មាជ សុផាន់ណា បាន​លើកឡើងថា សិក្ខាសាលានេះ បាន​បើកទូលាយឲ្យម​នុស្សមាន​​បញ្ហាផ្លូវចិត្ត បានជជែកគ្នា និងផ្លាស់ប្តូរគំនិតឲ្យគ្នា ជាពិសេសគឺបានរកឃើញ​នូវចំណុចអវិជ្ជមាន​​របស់ខ្លួន ហើយយកមកព្យាបាល និងកែប្រែឡើងវិញ។

លោកបានប​ន្ថែមថា នៅ​បណ្តាប្រទេសជឿនលឿន​ គឺបានយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត​នេះណាស់ នៅតាមបណ្តាកន្លែងធ្វើការ សាលារៀន​ផ្សេងៗ គឺសុទ្ធតែមានជំនាញ​​នៅប្រចាំ​ ដើម្បីបាន​ពិភាក្សាគ្នា និងអាចព្យាបាលបានភ្លាមៗ ពីព្រោះសុខភាពផ្លូវចិត្តត្រូវការ​និយាយគ្នា និងរកមូលហេតុឲ្យឃើញ។

នៅក្នុងឱ​កាសនោះផងដែរ សាស្រ្តចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នាយកផ្នែកជំងឺផ្លូវ​ចិត្ត និងការបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត បានធ្វើបទបង្ហាញយ៉ាងស៊ីជំរៅនៃរោគសញ្ញា និង​វិធីដំណោះស្រាយ​​នៃជំងឺធ្លាក់ទឹកចិត្ត​ និងថប់បារម្ភ» ចែកជូនដល់សិក្ខាកាម​ជាច្រើននាក់​។

សាស្រ្តចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា បានឲ្យដឹងថា ​មកដល់ពេលនេះ មានប្រជាពលរដ្ឋកាន់តែច្រើនហើយ ដែលបាន​ដឹងច្បាស់ថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការផ្សព្វ​ផ្សាយ និងបង្កើតឲ្យមាន​កម្មវិធីសិក្ខាសាលាបែបនេះ។ បញ្ហាសុខភាពផ្លូវ​ចិត្ត​ គឺកើតមាន​លើមនុស្សគ្រប់គ្នា គ្រាន់តែស្រាល ឬធ្ងន់ធ្ងរ៕