(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មាន និងអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ជុំវិញករណីបុគ្គលឈ្មោះ ជា សុខា ដែលចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង

​លោក ហែម ពិសិដ្ឋ​ បានលើកយកនូវចំណុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាប្រជាពលរដ្ឋ ក៏ដូចជាការភិវឌ្ឍនៅក្នុងមូលដ្ឋានជាដើម រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងខេត្តស្វាយរៀង ជាក់ស្តែង​ករណីចាក់ដីរំលោភមកចូលព្រែកហើយកំពុងត្រូវបានដោះស្រាយនៅថ្ងៃនេះ។​

លោកអភិបាលរងខេត្ត ក៏បានលើកយកនូវចំណុចសំខាន់ៗជាច្រើនទៀត ជុំវិញការសាងសង់ផ្សារប្រសូតិថ្មីនេះ និងបានបកស្រាយយ៉ាងក្បោះក្បាយ ដល់អ្នកសាព័ត៌មាន និងមហាជនទូទៅបានជ្រាប។

អភិបាលរងខេត្តរូបនេះ ក៏បានបើកឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានលើកយកនូវសំនួរ និងចម្ងល់ផ្សេងៗមួយចំនួនផងដែរ។ ក្នុងនោះក៏បានចុះទៅដល់ទីកន្លែង ចាក់ដីរំលោភចូលព្រែកនោះ ដើម្បីប្រើប្រាស់គ្រឿងចក្រធ្វើការកាយដីដែលបានលួចចាក់លើសចូលព្រែកនោះចេញឲ្យដូចដើមឡើងវិញ។

បើតាមអាជ្ញាធរស្រុកស្វាយទាប បានបញ្ជាក់ថាកន្លងមក ក្រោយពីអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានដឹងពីករណីចាក់ដីរំលោភនេះ គណៈកម្មការចម្រុះដោះស្រាយដីធ្លីបានចុះទៅហាមឃាត់ឲ្យបញ្ឈប់សកម្មភាព និងធ្វើការដោះស្រាយដោយឲ្យម្ចាស់ផ្សារដែលចាក់ដីលើសចូលព្រែកនោះ កាយមកខាងលើ​ឲ្យដូចដើមវិញ ហើយការអនុវត្តវិធានការនោះបាននិងកំពុងចាប់ផ្តើមនៅពេលនេះតែម្តង៕