(ភ្នំពេញ)៖ ដើម្បីផ្តល់សេវាកាន់តែប្រសើរដល់ប្រជាពលរដ្ឋបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យច្រកចេញចូលតែមួយនៅតាមសាលាខណ្ឌ សាលារាជធានី និងនៅតាមសាលាខេត្តមួយចំនួនផងដែរ។ ច្រកចេញចូលតែមួយនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅតែមួយច្រកអាចទទួលបានសេវាគ្រប់បែបយ៉ាង ដែលពួកគាត់ចង់បានមិនបាច់រត់ចុះរត់ឡើងនោះឡើយ។

បើទោះបីជារាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការលំបាកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងណាក្តី តែមន្ត្រីមួយចំនួនតូចត្រូវបានគេមើលឃើញថា នៅតែជារណាំងសម្រាប់ ការឈានទៅសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងផ្តល់សេវាដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមិនតិចនោះទេ ដែលបានជួបការលំបាកក្នុងការស្វែងរកសេវាផ្សេងៗពីអាជ្ញាធរពាក់ព័ន្ធ រហូតធ្វើឲ្យពួកគេសម្រេចរកឈ្មួញកណ្តាលជួយរត់ការដោយមិនចង់ចំណាយពេលវេលាច្រើន និងការលំបាកនានា។ ជាពិសេសការមិនអាចទ្រាំមើលទឹកមុខមិនស្រស់របស់មន្ត្រីមួយចំនួនតូចនោះ។

លោក គង់ សុឋានរិទ្ធ អតីតអ្នកព័ត៌មានមួយរូប ក៏បានជួបការលំបាកក្នុងការរត់ទៅរកសេវានេះផងដែរ។ លោកបានសរសេររៀបរាប់យ៉ាងច្រើននៅលើបណ្តាញសង្គម Facebook ពីផលលំបាកមួយនេះ។ ផលលំបាករបស់លោក សុឋានរិទ្ធ បានកើតមានឡើងនៅពេលរូបលោករត់ទៅរកសេវា ដើម្បីបើកស្ថានីយប្រេងឥន្ធនៈ។

លោកបានផ្តើមសំណេររបស់លោកដោយការចោទសួរថា តើច្បាប់សាងសង់ស្ថានីយប្រេងមានលក់នៅកន្លែងណាពិតប្រាកដទៅ? តើផ្នែកមួយណារបស់រដ្ឋទទូលខុសត្រូវក្នុងរឿងនេះ? តើគេលាក់ព័ត៌មានទាំងអស់ដើម្បីការរកស៊ីខុសច្បាប់ លើប្រពន្ធ័ស្របច្បាប់ ឬយ៉ាងណា?

បន្ទាប់ពីការផ្តើមដោយសំណួរបែបនេះហើយ អតីតអ្នកព័ត៌មានរូបនេះបានគូសបញ្ជាក់ថា លោកបានធ្វើដំណើរទាំងជើងមានរបួស ពិបាកដើរបំផុត ដើម្បីស្វែងរកសុំ ឬជាវលិខិតសាងសង់ស្ថានីយប្រេងថ្មីមួយ ដោយប្រើពេលពីរថ្ងៃជាប់គ្នា។

លោកបានរៀបរាប់ថា ដំបូងឡើយលោកបានធ្វើដំណើរទៅក្រសួងដែនដី នគររូបនីយកម្ម គេក៏បញ្ជូនរូបលោកមកសាលារាជធានីភ្នំពេញ។ លោកបន្តថា នៅច្រកចេញចូលតែមួយនៃសាលារាជធានីភ្នំពេញ មន្ត្រីទទួលខុសត្រូវខ្ពស់មួយរូប បានហៅលោកចូលជជែកគ្នាក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ជាមួយកាយវិការរាក់ទាក់ និងរួសរាយ។

ប៉ុន្តែអ្វីៗបានប្រែប្រួលទៅវិញ នៅពេលដែលរូបលោកសួរស្វែងរកឯកសារផ្លូវច្បាប់សម្រាប់ការអនុញ្ញាតសាងសង់។ នេះជាការបញ្ជាក់របស់លោក សុឋានរិទ្ធ។

លោកបានបញ្ជាក់ដូច្នេះ «ស្ត្រីរូបនោះបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ រួចក៏បញ្ជូនខ្ញុំឲ្យទាក់ទងមិត្តភក្តិគាត់ម្នាក់នៅក្រសួងដែនដី។ ខ្ញុំបានទាក់ទងភ្លាម។ ប៉ុន្តែបុរសនៃក្រសួងដែនដីនោះ គ្រាន់តែឮថា ខ្ញុំចង់រត់ឯកសារដោយខ្លួនឯង គាត់មិនបាននិយាយច្រើនទេ ហើយប្រាប់ខ្ញុំថា គឺត្រូវទាក់ទងនៅសាលារាជធានី។ ស្រ្តីដែលទទួលខ្ញុំយ៉ាងកក់ក្តៅនោះបាននិយាយថា កន្លែងគាត់គ្មានទេ។ គឺត្រូវទិញឯកសារនៅតាមខណ្ឌវិញ»

«មួយថ្ងៃក្រោយ ខ្ញុំមកដល់សាលាខណ្ឌពោធិ៍សែនជ័យ។ គេបញ្ជូនខ្ញុំទៅកាន់ការិយាល័យភូមិបាល។ ប៉ុន្តែការិយាល័យភូមិបាលបញ្ជូនខ្ញុំមកកាន់ច្រកចេញចូលតែមួយវិញ។ នៅច្រកចេញចូលតែមួយ គ្រាន់តែឮខ្ញុំរត់ការសាងសង់ស្ថានីយប្រេងថ្មី គេដើរចេញពីក្នុងការិយាល័យភ្លាម។ មន្ត្រីវ័យក្មេងបានមកឈរក្បែរខ្ញុំនៅ មុខបញ្ជរ រួចឆែកលេខទូរសព្ទ័ និងហុចលេខមកឲ្យខ្ញុំ។ ខ្ញុំស្រឡាំងកាំង។ រួចគាត់ប្រាប់ថា លេខនេះជាអ្នកទទួលខុសត្រូវផ្នែកសាងសង់ស្ថានីយប្រេង ហើយគាត់ជាប្អូនអភិបាលម្នាក់។ និយាយយ៉ាងខ្លីទៅ គេប្រាប់ថាគ្មានពាក្យស្នើសុំសាងសង់សំរាប់លក់ទេនៅទីនេះ។ គឺមានតែនៅសាលារាជធានី។ គេបញ្ជូនខ្ញុំទៅសាលារាជធានីវិញ។ ខ្ញុំត្រូវគេបញ្ជូនទៅមកៗដូចបាល់»។ លោក គង់ សុឋានរិទ្ធ បញ្ជាក់បន្ថែម។

បន្ទាប់ពីការរៀបរាប់នូវផលលំបាកក្នុងការស្វែងរកសេវាពីរដ្ឋក្នុងការបើកស្ថានីយប្រេងហើយ អតីតអ្នកព័ត៌មានរូបនេះ ក៏បានបញ្ចប់សំណេររបស់ខ្លួនដោយការចោទសួរជាថ្មីថា «ខ្ញុំសួរថា បើខ្ញុំចង់បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ធ្វើការងារដោយត្រឹមត្រូវតាមច្បាប់ ខ្ញុំចូលរួមប្រឆាំងអំពើពុករលួយ តើខ្ញុំត្រូវទទួលទណ្ឌកម្មបែបនេះមែនទេ? តើស្ថាបន័មួយណាមានសិទ្ធិពិតប្រាកដក្នុងការចេញពាក្យស្នើសុំជាផ្លូវការ ជូនពលរដ្ឋក្នុងការសាងសង់ស្ថានីយប្រេង? តើគេបង្កើតច្រកចេញចូលតែមួយដើម្បីពន្លឿនការងាររដ្ឋបាល និងប្រឆាំងអំពើពុករលួយមែនទេ?»

បញ្ហាស្រដៀងគ្នានឹងលោក គង់ សុឋានរិទ្ធ នេះ មានប្រជាពលរដ្ឋជាច្រើនបានជួបប្រទះ ហើយក៏បានរអ៊ូរទាំជាញឹកញាប់ផងដែរ។ ច្រកចេញចូលតែមួយដែលរាជរដ្ឋាភិបាល បង្កើតឡើងគឺជាយន្តការដ៏ល្អមួយក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលវាដូចគ្នាទៅនឹងបណ្តាប្រទេសជឿនលឿនទាំងនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។ ក្នុងនោះប្រទេសចិន ដែលជាប្រទេសប្រកាន់របបកុម្មុយនិស្តយ៉ាងណាក្តី តែការផ្តល់សេវាសម្រាប់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាខ្លាំង។

នៅក្នុងទីក្រុងស៊ីងហ័រ ខេត្តជាំងស៊ូ ប្រទេសចិន ដើម្បីផ្តល់សេវាងាយស្រួលជូនប្រជាពលរដ្ឋ គេបង្កើតកន្លែងផ្តល់សេវាស្រដៀងគ្នាទៅនឹងច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជានេះផងដែរ។ នៅកន្លែងផ្តល់សេវាសាធារណៈមានការិយាល័យផ្តល់សេវាមកពី ២៨ស្ថាប័ន ដូចជាកន្លែងចុះបញ្ជីពាណិជ្ជកម្ម កន្លែងផ្តល់អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន បណ្ណកម្មសិទ្ធិដីធ្លីជាដើម។

ប្រជាពលរដ្ឋជាច្រើនបានមកស្វែងរកសេវាកន្លែងផ្តល់សេវាសាធារណៈមួយនេះ។ ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋជាង២ពាន់នាក់បានមករកសេវា។ ភាគច្រើននៃសេវាទាំងនេះ មិនមានយកប្រាក់នោះឡើយ។ បើទោះបីជាមានភាពមមាញឹកយ៉ាងណាក្តី មន្ត្រីអ្នកផ្តល់សេវាត្រូវបានគេមើលឃើញថា នៅតែមានស្នាមញញឹមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់គេ។

តាមរយៈបញ្ហាដែលប្រជាពលរដ្ឋខ្មែរនៅតែជួបប្រទះ អាចធ្វើឲ្យគេសន្និដ្ឋានបានថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈប្រឹងប្រែង និងខិតខំក្នុងការផ្តល់សេវាដ៏ប្រសើរជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយក្រៅផ្លូវការ ក៏ដូចលុបបំបាត់អំពើពុករលួយជាដើមនោះ នឹងមិនអាចសម្រេចទៅបាននោះទេ ដរាបណា ឆន្ទៈរបស់មន្ត្រីជាអ្នកផ្តល់សេវានៅតែមិនព្រមផ្លាស់ប្តូរ៕