(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែធ្នូ​​​ ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើជាអធិតី អបអរសារទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកម្ពស់សិទ្ធិ មនុស្ស» នៅសាលមហោស្រពកោះពេជ្រ។

ពិធីនេះមានការចូលរួមពីព្រះសង្ឃ សមាជិក សមាជិកា រាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ គ្រូបង្រៀន សិស្ស និស្សិត ជាច្រើននាក់ផងដែរ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចក៏បានផ្ញើរសារ ចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធមនុស្សអន្តរជាតិ «១០ធ្នូ» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ផងដែរ។

ជាមួយថ្ងៃអបអរសាទរសិទ្ធិរបស់មនុស្សនៅលើសកលលោកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សិទ្ធិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានលុបបំបាត់ទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមបញ្ជាក់ដែរថា នៅក្នុងខួប៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សលើពិភពលោកនេះ គេសង្កេតឃើញថា ទាំងខាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល សុទ្ធតែបានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សនេះ ក្រោមពាក្យស្លោក និងទិសដៅផ្សេងៗគ្នា៕