(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យបន្ទាន់លើដំណើរការសាងសង់ និងការរៀបចំប្រារព្ធ​ពិធី អបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះ​ឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារ
សាងសង់វិមានឈ្នះឈ្នះ ដែលអមដំណើររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ សម្ដេចពិជ័យសេនា បានពិនិត្យលើគ្រប់ការងារខ្លះដែលត្រូវជំរុញឲ្យការប្រារព្ធពិធីដំណើរទៅបានរលូន ទាំងការពិនិត្យអាងទឹក រូបចម្លាក់ សំណងជាដើម។

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ការប្រារព្ធពិធីកាន់តែគៀកថ្ងៃហើយ ដូច្នេះបើទោះបីជាមមាញឹកយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ឆ្លៀតចុះទៅតាមដាន និងសិក្សាហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្រៅ ខាងក្នុង ដែលប្រមូលផ្ដុំផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ដែលត្រូវបង្ហាញ និងបញ្ជាក់ជូនសាធារណៈជន នៅក្នុងឱកាសប្រារព្ធ​ពិធី អបអរសាទរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ។

បន្ថែមពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឲ្យយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាបធ្នាប់ ការងារពិធីការ និងការធានា ដើម្បីចាត់ចែងធ្វើជាបន្ទាន់នូវអ្វីដែលនៅសេសសល់ ឲ្យឆាប់រហ័សដោយតម្រូវឲ្យបញ្ចប់នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្ដទៅដំណាក់កាលចុងក្រោយ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមការងារបច្ចេកទេសថា ដើម្បីពន្លឿនការងារឲ្យរួចរាល់តាមពេលកំណត់ គឺក្រុមការងារនឹងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាកឡើយ។

សូមជម្រាបថា វិមានឈ្នះ​ឈ្នះ គឺជាសារមន្ទីរមគ្គុទេ្ទសក៍ នៃគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសាងសង់នៅលើផ្ទៃដី៨ហិចតា ហើយមានផ្ទៃបាតក្រោម​របស់វិមានផ្ទាល់មាន​ទំហំ​៧,០០០ម៉ែត្រក្រឡា ស្ថិតសង្កាត់បាក់ខែង ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ប្រើរយៈពេលសាងសង់ជាង២ឆ្នាំ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដែល​នឹងរឿបចំពិធីបុណ្យយ៉ាងអាធិកអាធមជូនជនរួមជាតិរយៈពេល៣ថ្ងៃ ៣យប់ គឺថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨៕​