(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែខិតខំ កសាងស្តារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់លំជនបទ ស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរនិង លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកបានបន្ថែមថា មានតែរាជរដ្ឋាភិបាលនាបច្ចុប្បន្នតែមួយប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន និងថែរក្សាសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ប្រកបដោយមោទនភាព ជាពិសេសបន្តអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ជាបន្តបន្ទាប់។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ បង្កឲ្យមានអស្ថិរភាពនយោបាយ មានភាពអសន្តិសុខ បាត់បង់សណ្តាប់ធ្នាប់សង្គម។

ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ព្រមទាំងចុះត្រួតពិនិត្យការកសាងផ្លូវមួយខ្សែ ស្ថិតនៅ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោក​បានប​ន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែ​ន ដែលបានកសាង សមិទ្ធិផលជាច្រើនសំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេស និងអ្នកទេសចរណ៍ អន្តរជាតិ មកវិនិយោគ និងទស្សនាកម្ពុជាកើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន។

បន្ថែមពីលើនេះ លោក ម៉ម ប៊ុននាង បាន​បន្តថា សមិទ្ធផល សន្តិភាពវាជាអំណោយផល ដែលអាចអោយ យើងមាន ឱកាសកសាង សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដើម្បីទុក អោយប្រជាពលរដ្ឋនិង កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើងតម្រូវការកាន់តែមានច្រើន។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ លោក ម៉ម ប៊ុននាង ក៏បានក្រើនរំឭកឱ្យអាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អ ជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។ មន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និង ពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។

លោកបានបន្តថា ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំ និងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ។

បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរួចមក លោក ម៉ម ប៊ុននាង បានបន្តជួបសំណេះសំណាលេជាមួយប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការកសាងផ្លូវមួយខ្សែ ដែលមានបណ្តោយ ១៥០៥ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកម្រាស់១តឹក ឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជាមួយគ្នានោះដែរ លោក បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ និងយុវជនភូមិ ចំនួន២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល និងនាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន ៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១ ព្រមទាំងជូនថវិកាដល់អ្នកជំងឺដែលកំពុងសម្រាក់ព្យាបាលនៅផ្ទះ ចំនួន៤០ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួនន ៤.៣២០.០០០ រៀល។ ក្នុងឱកាសនោះ លោកបានផ្តល់ថវិកាដល់ ក្រុមបច្ចេកទេស ក្នុងដំណាក់កាលទី២ ចំនួន ៣,០០០ដុល្លារ ដើម្បីដំណើរការជួសជុល និងកសាងផ្លូវ៕