(ភ្នំពេញ)៖ សាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធីជួបជុំ និងជូនដំណើរកុមារ UCMAS កម្ពុជាជ័យលាភីឆ្នើមចំនួន ៧២នាក់ ពីការប្រឡងថ្នាក់ជាតិលើកទី៣ ដើម្បីទៅចូលរួមការប្រកួតប្រជែង ក្នុងកម្មវិធីគិតលេខរហ័សថ្នាក់អន្តរជាតិលើកទី២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៨។

ការរៀបចំបញ្ជូនសិស្សឆ្នើមជ័យលាភីនេះដែរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយមានការអញ្ជើញចូលរួមដំណើរ លោក ប៊ឺត ណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ និងកញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ សាលាអាយឃីដ កម្មវិធី UCMAS កម្ពុជា ម្ចាស់អាជ្ញាបណ្ណ័ ប្រធានសាខាទូទាំងប្រទេស សិស្សឆ្នើមតំណាងប្រទេសកម្ពុជា និងអាណាព្យាបាលសិស្សសរុបចំនួន១៥១នាក់។

លោក ប៊ឺត ណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែល UCMAS បានបញ្ចូនសិស្សឆ្នើមជ័យលាភីថ្នាក់ជាតិទាំង១០កម្រិត ទៅប្រកួតប្រជែង ថ្នាក់អន្តរជាតិលើកទី២៣ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីកុមារឆ្លាតវៃជាច្រើនប្រទេសជុំវិញពិភពលោក និងជាឱកាសដ៏ល្អសម្រាប់កុមារកម្ពុជាទទួលបាននូវបទពិសោធន៍ថ្មី ក៏ដូចជាបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិមួយនេះ។

លោកបន្តថា រំលឹកផងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ សិស្ស UCMAS កម្ពុជាចំនួន៥រូប ទទួលបានជោគជ័យលាភីក្នុងកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២២ ហើយលោកជឿជាក់ថា ក្នុងឆ្នាំនេះកម្ពុជា និងទទួលបានជ័យលាភីច្រើនជាងឆ្នាំកន្លងទៅផងដែរ។

ដោយឡែក កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ សាលាអាយឃីដ កម្មវិធី UCMAS កម្ពុជាក៏បានបន្ថែមឲ្យដឹងថា ការចូលរួមប្រឡងថ្នាក់អន្តរជាតិ មិនត្រឹមតែជួយឲ្យកុមារកម្ពុជា មានឱកាសស្វែងយល់ពីបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ថែមទាំងជួយឲ្យពួកគេ កាន់តែមានភាពក្លាហាន និងទំនុកចិត្តខ្ពស់ថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀត សម្រាប់សិស្សជ័យលាភី ការប្រឡង​ នឹងទទួលបានវិញ្ញាបនបត្រ និងពានរង្វាន់ថ្នាក់អន្តរជាតិ ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

ក្នុងឱកាសត្រៀមចេញដំណើរនោះដែរ អាណាព្យាបាលសិស្សអ្នកស្រីឈ្មោះ​ ម៉ៅ មានិត ក៏បានឲ្យដឹងពីចំណាប់អារម្មណ៍ថា «ខ្ញុំពិតជារំភើប និងមានការសប្បាយចិត្តជាខ្លាំងដែលកូនបានជាប់ទៅប្រឡងនៅប្រទេសម៉ាឡេស៊ី ហើយខ្ញុំក៏សង្ឃឹមថា កូនខ្ញុំនឹងទទួលបានជ័យលាភីត្រឡប់មកកាន់ប្រទេសជាតិវិញ ដោយសារកន្លងមកកូនខ្ញុំបានប្រឡងជាប់លេខ១ និងទទួលបានពាន់មាសក្នុងការប្រឡងនៅកម្ពុជាលើផ្នែកសរសេរ ហើយចំពោះការចេញទៅប្រឡងលើកនេះ ខ្ញុំក៏សង្ឃឹមថាកូនខ្ញុំនឹងជាប់ជ័យលាភីលើផ្នែកសរសេរទៀតផងដែរ»។

អាណាព្យាបាលមួយរូបទៀតឈ្នោះ លោក វិន សំណាង ក៏បានបង្ហាញពីអារម្មណ៍ដែលកូនលោកបានជាប់ទៅប្រឡងនៅក្រៅប្រទេសថា «ក្នុងនាមខ្ញុំជាអាណាព្យាបាលគឺ ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយខ្ញុំក៏សូមជូនពរឲ្យកូនទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់អន្តរជាតិនៅប្រទេសម៉ាឡេស៊ី ហើយក៏សង្ឃឹមថានឹងនាំយកជ័យលាភី ក៏ដូចជាពាន់រង្វាន់ត្រឡប់មកវិញ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងប្រទេសជាតិទាំងមូលផងដែរ»៕