(បន្ទាយមានជ័យ​)៖​ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបត្រូវបញ្ជូនកូនទៅរៀនឲ្យបានគ្រប់គ្នា ព្រោះចំណេះដឹងជាដើមទុនដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមគ្រួសារ និងសង្គមជាតិ។

ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញសម្ពោធអគារសិក្សាចំនួន ២ខ្នង ៧បន្ទប់ នៅសាលាបឋមសិក្សាដំណាក់កកោះ និងនៅសាលាបឋមសិក្សាល្បើកស្វាយ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។

លោក ផែតទ្រីក សេកកឺ នាយកប្រចាំប្រទេសអង្គការសាម៉ារីតាន់ភឺស និងជាតំណាងម្ចាស់ជំនួយសាងសង់អគារសិក្សាទាំងពីរខាងលើ បានលើកឡើងថា លោករួមជាមួយម្ចាស់ជំនួយមិនចង់បានអ្វីនោះឡើុយសម្រាប់កិច្ចខិតខំនេះ គឺចង់ជួយដល់កុមារនៅតំបន់នោះឲ្យមានសាលារៀនសមរម្យ មានចំណេះដឹង និងសម្រេចបាននូវក្តីសុបិននាថ្ងៃអនាគត និងក្លាយទៅជាធនធានមនុស្សដ៏ល្អ ដើម្បីរួមចំណែកជួយដល់សហគមន៍។

លោក ផែតទ្រីក សេកកឺ សង្ឃឹមថា អគារសិក្សាថ្មីដ៏ល្អស្អាតនេះ នឹងជួយឲ្យលោកគ្រូ-អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ កាន់តែយកចិត្តទុកដាក់ប្រឹងប្រែងបង្រៀន និងរៀនសូត្រជាងមុនទៀត។

លោក សួន បវរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ម្ចាស់ជំនួយ ដែលជួយដល់សហគមន៍ដំណាក់កកោះ ភូមិល្បើកស្វាយ ដោយផ្តល់អគារសិក្សា២ខ្នង ស្មើ ៧បន្ទប់នេះ។ លោកអភិបាលខេត្តបានលើកឡើងថា ការសាងសង់អគារសិក្សាថ្មីនេះ ជាការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំនៅជនបទដាច់ស្រយាលឲ្យមានសាលារៀនសមរម្យ។

លោកអភិបាលខេត្តបន្តថា «អគារសិក្សាទាំងនេះ វាបានចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំសិក្សាធិការ បណ្តុះបណ្តាលនូវធនធានមនុស្ស ជាបញ្ហាចម្បងចាំបាច់។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាលតែងធ្វើការសាងសង់ និងបង្ខិតសាលាឲ្យមកជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋងាយស្រួលទៅរៀនសូត្របានគ្រប់ៗគ្នា»

ជាមួយគ្នានោះ លោកអភិបាល​ខេត្ត​បន្ទាយមានជ័យ បន្តអំពាវនាវដល់អាណាព្យាបាលទាំងអស់ត្រូវបញ្ជូនកូនទៅរៀនសូត្រ ឲ្យបានគ្រប់គ្នា ទោះជាធ្វើចំណាក់ស្រុកក៏ដោយ ត្រូវគិតពីអនាគតក្មេងឲ្យបានរៀនសូត្រមានចំណេះដឹង។

លោក សួន បវរ ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារសមិទ្ធផលទាំងនេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត៕