(ភ្នំពេញ)៖ ចោរឆក់មួយក្រុមបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច២ករណី រត់គេចខ្លួនបាន២ខែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានម្នាក់ និងបក្ខពួកជិត១០នាក់ទៀតបានរត់គេចខ្លួន។

ការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅវេលាម៉ោង០៣៖០០ទាបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ ចំណុចផ្លូវ២០១១ មុខក្លឹបកំសាន្តឌីស្កូរីលេក្ស ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយប៉ុស្តិ៍នគរបាលកាកាប១ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។ ដោយជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ វុធ ពន្លឺ អាយុ២០ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅបន្ទប់ជួលភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោកនាយប៉ុស្តិ៍កាកាប១ បានបន្តថានៅមុនឃាត់ជនសង្ស័យចំកើតហេតុខាងលើពេលជនសង្ស័យបានកំពុងអង្គុយលើម៉ូតូរបស់ខ្លួនម្នាក់ឯង។ ពេលឃើញដូចនោះកម្លាំងប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួនតែម្តង រួចយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នាយប៉ុស្តិ៍បានបន្តទៀតថា ក្រោយពេលសួរនាំរួចហើយនោះសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចចំនួន២ករណី និងបានទូរស័ព្ទដៃចំនួនពីគ្រឿង ក្នុងអំឡុងកាលពីខែតុលា ឆ្នាំ២០១៨ពិតប្រាកដមែន រួមជាមួយបក្ខពួកចំនួន៥ម៉ូតូជិត១០នាក់ទៀត នៅចំណុចក្រោមស្ពានអាកាសទឹកថ្លា។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនបន្តមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕