(ភ្នំពេញ​)​៖​ រថយន្តពាក់​ស្លាក​លេខ​នគរបាល ​បើកដោយបុរសម្នាក់ បាន​បុក​រះ​ម៉ូតូ​កង់​បី​ចំនួន​ពីរ​គ្រឿង ​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់​ ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដោយហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​ឡើង​នៅម៉ោង​ជាង​១០យប់ ថ្ងៃ​ទី០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨Eo​ ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX350​ ពណ៌​ស ​ពាក់​ស្លាក​លេខ​នគរបាល​ 2-6636 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ស្របទិស​ជា​មួយ​នឹង​ម៉ូតូ​កង់​បី​ទាំង​ពីរ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ ​រថយន្ត​ខាង​លើ​បាន​បុកចំ​ម៉ូតូកង់​បី​មួយ​គ្រឿង​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Q-4147 ពី​ក្រោយ​ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​ជា​ពីរ ​រី​ឯ​ម្ចាស់​ម៉ូតូ​វិញ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​រថយន្ត​ខាង​លើ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GM-4690​ ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ រី​ឯ​ម្ចាស់​ម៉ូតូ​កង់​បី​វិញ​រង​របួស​ស្រាល​។

ភ្លាមៗ​នោះ​ដែរ ​រថយន្ត​បង្ក​ខាង​លើ​មិន​បាន​ឈប់​ដោះស្រាយ​នោះទេ​ រឹត​តែ​បន្ថែម​ល្បឿន​បើក​រត់​គេច​យក​រថយន្ត​ទៅ​ទុក ​នៅ​ក្នុង​កន្លែង​ផ្ញើ​ឡាន​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។ ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញ​ បាន​រត់​ចេញ​ពី​កន្លែង​ផ្ញើ​ឡាន​គេច​ខ្លួន ​បាត់​ស្រមោល​តែ​ម្ដង​។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បីដែលស្លាប់មាន​ឈ្មោះ​ វាន់​ ទិព​ មានអាយុ​៥៧ឆ្នាំ​ ​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​អំពារ​​ ឃុំ​ស្វាយ​អំពារ​ ​ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល។

ក្រោយពេលកើតហេតុរថយន្ត​បង្ក​នឹង​វត្ថុ​តាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅ​រក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕