(ភ្នំពេញ)៖ មិនត្រឹមតែការងារដ៏មមាញឹកនៅក្នុងប្រទេសនោះទេ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពេញមួយឆ្នាំ២០១៨នេះបានបំពេញបេសសកម្មទៅក្រៅប្រទេស រហូតដល់ចំនួន១៤លើក ខណៈនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ សម្តេចទើបបានអញ្ជើញត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីបំពេញបេសកកម្មនៅប្រទេសឡាវ និងវៀតណាម។ ប្រទេសដែលសម្តេចតេជោ ហ៊ុន សែន បំពេញបេសកកម្មនៅក្រៅប្រទេសរួមមាន៖

លើកទី១៖ បំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។

លើកទី២៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលប្រព្រឹត្ត​ទៅពីថ្ងៃទី​១៦ ដល់ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

លើកទី៣៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី៣០ ដល់៣១ ខែមីនា។

លើកទី៤៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

លើកទី៥៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨។

លើកទី៦៖ (ក្រោយបង្កើតរាជរដ្ឋាភិបាលបាន៤ថ្ងៃ)៖ ចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី១៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសៅចិន។ រួចបន្តអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម (ពីថ្ងៃទី១០-១៣ខែកញ្ញា ឆ្នាំ២០១៨)។

លើកទី៧៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាមនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

លើកទី៨៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លើកទី៩៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។ បន្ទាប់មកបន្តដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ានចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។

លើកទី១០៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ បន្ទាប់មកបន្តបំពេញទស្សនកិច្ចនៅប្រទេសតួកគីរយៈពេល៣ថ្ងៃពីថ្ងៃទី២០ ដល់ ២២ ខែតុលា។

លើកទី១១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»។

លើកទី១២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា។

លើកទី១៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសណេប៉ាល់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។

លោកទី១៤៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨៕