(ហាណូយ, វៀតណាម)៖ លោកស្រី ង្វៀន ធីគិមងិន ប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរខ្លាំងចំពោះភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន។ លោកស្រី បានកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ធ្វើឲ្យកម្ពុជាមានកិត្យានុភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ការថ្លែងកោតសរសើររបស់លោកស្រី ង្វៀន ធីគិមងិន បានធ្វើឡើងក្នុងពេលដែលលោកស្រី អនុញ្ញាតឲ្យសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ មុនពេលសម្តេចតេជោបញ្ចប់ដំណើរទស្សនកិច្ច។

ក្នុងជំនួបនោះលោកស្រីប្រធានរដ្ឋសភាវៀតណាម បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសវៀតណាម។ លោកស្រីប្រធាន បានអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពី ថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

លោកស្រីប្រធានក៏បានចូលរួមអបអរសាទរ ចំពោះភាពជោគជ័យថ្មីមួយទៀត ដែលប្រទេសកម្ពុជាត្រូវបានអង្គការបេតិកភណ្ឌពិភពលោកទទួលស្គាល់ និងចុះបញ្ជី «ល្ខោនខោល» ជាសម្បត្តិអរូបិយរបស់ពិភពលោក ដែលនោះជាមោទនភាពរបស់កម្ពុជា។

ក្នុងជំនួបនោះលោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការចរចា និងឯកសារកិច្ចព្រមព្រៀងនានា ដែលភាគីរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។

លោកស្រី ង្វៀន ធីគិមងិន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ។ លោកស្រីក៏បានបង្ហាញការស្ញប់ស្ញែងចំពោះសម្តេចតេជោ ដែលបានប្តេជ្ញាបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍ដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបលោកស្រីប្រធានរដ្ឋសភាវៀតណាម ពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ក្រោយពីដំណើរការបោះឆ្នោតក្នុងការបង្កើតឡើងនូវរដ្ឋសភា រាជរដ្ឋាភិបាលនីតិកាលទី៦។ ពិសេសការបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានការចូលរួមពីគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោត ដើម្បីឃ្លាំមើលការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោបានគូសបញ្ជាក់ប្រធានរដ្ឋសភាវៀតណាមថា ក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងមានការកើនឡើងរហូតដល់ ៧,៣% ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់លោកស្រីប្រធានរដ្ឋសភាវៀតណាម ស្តីពីបញ្ហា ព្រំដែននៃប្រទេសទាំងពីរ សម្តេចតេជោមានប្រសាសន៍ថា ក្នុងអាណត្តិដឹកនាំរបស់សម្តេច សម្តេចនឹងខិតខំដោះស្រាយបញ្ហាព្រំដែន ឲ្យបានចប់សព្វគ្រប់ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕