(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងប្រទេសឡាវ បានជំរុញឲ្យពន្លឿនការចៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ​ លើប្រាក់ចំណូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាបង្កើត និងពង្រឹងបរិយាកាសអនុគ្រោះ ដល់ការធ្វើពាណិជ្ជកម្ម តាមការតាំងពិព័ណ៌ពាណិជ្ជកម្មឲ្យបានទៀងទាត់ ការពង្រឹងទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច និងការដោះស្រាយបញ្ហា ដែលជាឧបស័គ្គចំពោះ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងបរិបទនេះ នាយករដ្ឋមន្រ្តីទាំងពីរបានលើកទឹកចិត្ត ឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការ កិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល»

សេចក្តីប្រកាសព័ត៌មាន​ដដែល បានឲ្យដឹងទៀតថា ដោយទទួលស្គាល់ថា ប្រទេសទាំងពីរនៅមានសក្តានុពល សេដ្ឋកិច្ចជាច្រើន មិនទាន់ប្រើប្រាស់ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ឧស្សាហកម្ម សហគ្រាសធនតូច និងមធ្យម ថាមពល និងការងារ។

ថ្នាក់ដឹកនាំទាំងពីរ ក៏យល់ស្របគ្នាផងដែរថា កម្ពុជា និងឡាវ គួរបង្កើនកិច្ចប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងថាមពល និងរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ ឲ្យបានជាអតិបរិមា ពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអនុតំបន់ ដែលរួមមានយុទ្ធសាស្ត្រ កិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងមេគង្គ-ឡានឆាង។

សូមជំរាបផងដែរថា កិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ត្រូវអនុវត្តចំពោះបណ្តាពន្ធលើប្រាក់ចំណូល ដែលកំណត់ដោយរដ្ឋភាគី នៃកិច្ចព្រមព្រៀង ឬអាជ្ញាធរមូលដ្ឋាននៃរដ្ឋនោះ ដោយមិនផ្តោតលើវិធាន នៃការកំណត់ពន្ធទាំងនោ។ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តចំពោះបណ្តាប្រភេទពន្ធ រួមមាន៖ ១-ពន្ធលើប្រាក់ចំណេញ រួមបញ្ចូលទាំងពន្ធកាត់ទុក ពន្ធប្រាក់ចំណេញបន្ថែម លើការបែងចែកភាគលាភ និងពន្ធចំណេញមូលធន និង ២-ពន្ធលើប្រាក់បៀវត្ស៕