(កំពង់ចាម)៖ លោក គួច​​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ នៅរសៀលថ្ងៃទី០៨ ខែធ្ន ឆ្នាំ២០១៨នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតមកដល់ថ្ងៃទី៨ ខែធ្នូនេះ មិនមានការបាក់ស្រុតដី ក្នុង​តំបន់​ច្រាំងទន្លេ ​នៅក្រុង​កំពង់ចាមបន្តទេនោះទេ។ លោកថា អាជ្ញាធរខេត្ត​កំពង់ចាម បាននិងកំពុងបន្ត​ហាមឃាត់​ការធ្វើដំណើរ​ ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ក្នុង​តំបន់​ច្រាំងទន្លេ ​នៅក្នុង​ក្រុង​កំពង់ចាម​ ដែល​កំពុង​រង​ការគំរាមកំហែង បាក់​ច្រាំង​ធ្លាក់ចូល​ទៅក្នុង​ទន្លេ ខណៈ​អាជ្ញាធរ និងក្រសួងធនធានទឹក កំពុង​សិក្សា​លើ​បញ្ហា​ដែល​កំពុង​បាក់ស្រុត​នោះ​។​

ជាមួយ​ករណីនេះ កាលពីរសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​ លោក គួច ចំរើន និង​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញពាក់ព័ន្ធ ចុះ​ពិនិត្យមើល និង​សិក្សា​បញ្ហា​បាក់ស្រុត​សួរ​ច្បារ រូបសំណាក់​ដំរី នៅតាម​មាត់ទន្លេ ដែល​កំពុង​ការខូចខាតនូវ​សំណង់​សួរ​ច្បារ និង​រូបសំណាក​ដំរី ដើម្បី​សំណើរ​ទៅ​ក្រសួង ធ្វើ​ការកសាង​ជួសជុល​ឡើងវិញ​ផងដែរ។​

ច្រាំងទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម​ប្រវែង ៧៩ម៉ែត្រ​ បាន​បាក់ស្រុត​មុខកាត់៣ ទៅ៤ម៉ែត្រ​ នៅ​ចំណុច​ខាងជើង​ស្ពាន​ទន្លេ​បិទ​ នៅ​ពីមុខ​សណ្ឋាគារ​ចំនួន៣ គឺ​សណ្ឋាគារ​មនោ​រម្យ សណ្ឋាគា​រអិល​ស៊ី​អិន និង​សណ្ឋាគារ​មេគង្គ​។ ប៉ុន្តែ​កន្លែង​ដែល​បាក់​ខ្លាំង នៅ​ចន្លោះ​ពី​សណ្ឋាគារ​មនោ​រម្យ​ទៅ​សណ្ឋាគារ អិ​ល​ស៊ី​អិន​។

អាជ្ញាធរ​បានឃាំង​ហ៊ុព័ទ្ធ​កន្លែង​នោះ កុំ​ឲ្យ​ពលរដ្ឋ និង​ទេសចរ​ឆ្លងកាត់​។ បន្ទាប់មក​អ្នកជំនាញ​ទៅ​សិក្សា​កន្លែង​នោះ ដើម្បី​រក​មូលហេតុ​ជាក់ស្ដែង​ថា​ តើ​វា​អាច​នឹង​បាក់​បន្តទៀត​ទេ ក្នុងករណី​វា​មិន​បាក់​តទៅទៀត​ទេ អាជ្ញាធរខេត្ត​នឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ធនធានទឹក និង​ខាងគ្រោះមហន្តរាយ​ ដើម្បី​រក​ថវិកា​មក​ជួសជុល​នៅពេល​ទឹក​ស្រក​។

មន្ត្រី​ជំនាញបាន​បញ្ជាក់ថា ការបាក់​ច្រាំង​នេះ មិនមែន​កើតឡើង​ដោយ​ករណី​បូម​ខ្សាច់​ទេ ព្រោះ​មិនមាន​ការ​បូម​ខ្សាច់​នៅក្នុង​តំបន់​ដែល​បាក់​នោះទេ​។ ប៉ុន្តែ​លោក​ថា​ អ្នកជំនាញ​ធ្លាប់​រកឃើញ​មូល​ហេតុថា ការបាក់​ច្រាំង​នៅក្នុង​ក្រុង​កំពង់ចាម គឺ​ដោយសារតែ​ចរន្តទឹក​បុក​ទៅលើ​កោះ​ឈ្មោះថា កោះដាច់​។​

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ការបាក់​ច្រាំងទន្លេ​ជាថ្មី​នេះ បាន​កើតមានឡើង បន្ទាប់ពី​ទឹកជំនន់​ទន្លេមេគង្គ ចាប់ផ្ដើម​ស្រក​ផុត​ច្រាំង ដោយ​ការបាក់​ស្រុត​ច្រាំងទន្លេ​ ដែល​បាន​កសាងឡើង​ក្នុងអំឡុង​ ឆ្នាំ​២០១៣​នេះ គឺ​ស្ថិតនៅ​ក្នុងភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែលមាន​ចំនួន​២​កន្លែង បណ្ដាល​ឲ្យ​ខូចខាត​ខឿន​ច្រាំងទន្លេ​សម្រាប់​ការពារ​ទឹកជំនន់ និង​សួនច្បារ ក្នុង​នោះបាន​បាក់ស្រុត​រហូតដល់​រូបចម្លាក់​សត្វ​ដំរី និង​សត្វ​តោ​សម្រាប់​លម្អ។

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ជាបឋមរបស់​មន្ត្រី​ជំនាញ នៃ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម បាន​បង្ហាញថា ការបាក់​ស្រុត​ច្រាំងទន្លេ​ខាងលើ​ជាថ្មី​នេះ គឺ​បណ្ដាលមកពី​ការប្រែប្រួល នៃ​ចរន្តទឹក​ទន្លេមេគង្គ​នា​រដូវវស្សា​កន្លងមក​។

បើ​យោងតាម​ការពិនិត្យ​ជាក់ស្ដែង​ ស្ថានភាព​នេះ​ទំនងជា​មិនអាច​ជួសជុល​ លើ​សំណង់​លើក​ទី​១​បាន​នោះទេ​ លុះត្រាតែ​សាងសង់​ថ្មី​ឡើងវិញ​។ ហើយ​នេះ​ក៏​ជា​គម្រោង​ធំ​របស់​ថ្នាក់ជាតិ ដែល​ត្រូវ​រក​លទ្ធភាព​ សាងសង់​ឡើងវិញ​នា​រដូវ​ទឹក​ស្រក​ ខាងមុខនេះ​ផងដែរ៕