(កោះកុង)៖ មន្ទីរផែនការខេត្តកោះកុងថ្ងៃទី​០៧ ខែធ្នូ​ ឆ្នាំ​២០១៨ បានរៀបចំ​ពិធីប្រកាស​គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកោះកុងឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក កាយ​ សំរួម​ ប្រធាន​ក្រុម​ប្រឹក្សាខេត្តកោះកុង, លោក​ ស្រេង​ ហុង​ អភិបាលរងខេត្តកោះកុង, លោក​ ម៉េង គឹមហ៊ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងលោក អៀត វណ្ណា ប្រធាមនមន្ទីរផែនការខេត្ត រួមទាំងមន្ត្រីរាជការគ្រប់បណ្តាស្រុកផងដែរ។

លោក​ អៀត វណ្ណា​ ប្រធានមន្ទីរផែនការ​ខេត្តកោះកុង​ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកោះកុង បានឲ្យដឹងអំពីរបាយការណ៍ ​វឌ្ឍនៈភាពដំណើរការសកម្មភាព ការងារជំរឿនទូទៅប្រជាជនខេត្តកោះកុង២០១៩ថា​ មន្ទីរ​ផែនការ​ខេត្តកោះកុង បានអនុវត្តផែនការសកម្មភាពនានាជាច្រើន​ នៃដំណើរការជំរឿនទូទៅខេត្តកោះកុងឆ្នាំ២០១៩ គិតត្រឹមខែវិច្ឆិកានេះ​ ហើយបានជ្រើសរើសមន្រ្តីជំរឿនខេត្តកោះកុង សរុបចំនួន ៣៨៨នាក់រួមមាន៖ មន្ត្រី​ប្រចាំតំបន់ និងមន្រ្តីជំនួយការតំបន់ចំនួន០៣នាក់, មន្ត្រី​ក្រុមបច្ចេកទេសដឹកនាំថ្នាក់ខេត្តចំនួន៤នាក់, គ្រូបង្គោលថ្នាក់ខេត្តចំនួន៥នាក់, មន្ត្រី​ត្រួតពិនិត្យសរុប៧៤នាក់ ស្រី​០៨នាក់, មន្ត្រី​សម្ភាសន៍​សរុប២៩៦នាក់ ស្រី៦៤នាក់ និងមន្ត្រី​បំរុង០៦នាក់ ស្រី០៣នាក់។

លោក ម៉េង​ គឹមហ៊ បានបញ្ជាក់ថា ការរៀបត្រៀមជំរឿនឆ្នាំ២០១៩​ បានដំណើរការទៅយ៉ាងរលូន តាមផែនការដែរបានគ្រោង​ និងអនុក្រឹត្យស្ដីពីការកំណត់កាលបរិច្ឆេទការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃជំរឿន។ ជាទូទៅមានតែជំរឿនប្រជាជនទេ​ ដែរអាចអោយយើងទទួលបានទិន្នន័យប្រជាសាស្រ្តពិតប្រាកដរបស់ប្រទេស​ និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ​ ព្រមអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាព​ នៃ​ការ​អភិវឌ្ឍន៍​សម្រាប់ប្រជាពលរដ្ឋ។ ជំរឿនប្រជាជនគឺជាប្រភពតែមួយគត់​ ដែល​អាចផ្ដល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន​ និងចរិកលក្ខណៈប្រជាជននៅក្នុងប្រទេស។ ជំរឿន​ប្រជា​ជន ​គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេសដែរ អាចផ្តល់ព័ត៌មានអំពីប្រជាជនក្នុងមូលដ្ឋាន រហូតដល់រដ្ឋបាលថ្នាក់ទាបបំផុតដែរ ជាតំរូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។

លោក ស្រេង​ ហុង បានឲ្យដឹងថា ជំរឿនប្រជាជនឆ្នាំ២០១៩នេះ គឺមានសារសំខាន់ណាស់​ ហើយនេះជាលើកទីមួយ​ និងជាប្រវត្តិសាស្រ្ត​ ដែរប្រមុខរាជរដ្ឋាភិបាលបានសម្រេច ចំណាយថវិកាធ្វើដោយខ្លួនឯង ដោយមិនមានដៃគូរជួយ​ និងដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់១០ឆ្នាំម្តងដោយមិនអាចខ្វះបាន។

ក្នុងឱកាសនេះ លោក​ ស្រេង​ ហុង​ ក៏បានសំណូមពរ ដល់អភិបាលក្រុងស្រុក ​ប្រធាន ​អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ និងមន្ត្រីធ្វើការទាក់ទងនឹងការងារជំរឿនប្រជាជន​ឆ្នាំ​២០១៩​ សូមមេត្តាយកចិត្តទុកដាក់បំពេញការងារឱ្យបានទាន់ពេលវេលា​ តាមផែនការសកម្មភាពដែរបានគ្រោង​ ដើម្បី​ទទួលបានជោគជ័យប្រកបដោយគុណភាពឆ្លើយតបទៅនឹងការចំណាយថវិការរបស់ជាតិ៕