(ភ្នំពេញ)៖ ថ្លែងក្នុងទិវានៃការគ្របបណ្ដប់សុខភាពជាសកលឆ្នាំ២០១៨ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា យើងនឹងខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា ពង្រឹងការងារជាបន្ដទៀត ដើម្បីលើកកម្ពស់លទ្ធផលសុខភាពប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោល ដោយមិនបានមើលថែទាំនោះទេ។

រដ្ឋមន្ដ្រី ម៉ម ​ប៊ុនហេង បានថ្លែងបន្ដថា ទិវានៃការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជាលើកទី២ ស្ដីអំពី «ការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃ០៧ ខែធ្នូនេះ ជាចក្ខុវិស័យ ដែលមិនគ្រាន់តែជាមគ្គុទេសក៏ សម្រាប់អង្គការសុខភាពពិភពលោក ផ្ដល់ការគាំទ្រដល់រដ្ឋជាសមាជិកប៉ុណ្ណោះទេ ប៉ុន្ដែក៏បានត្រួសត្រាយផ្លូវ សម្រាប់ការខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល នៃរដ្ឋជាសមាជិក ឲ្យបោះជំហានទៅមុខ ដោយប្រាកដប្រជា ក្នុងការដើរឈានទៅកាន់ការគ្រប់ដណ្ដប់សុខភាពជាសកល ដើម្បីធ្វើការយ៉ាងណាឲ្យសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប កាន់តែល្អប្រសើរឡើង ។

«មានន័យថា រដ្ឋាភិបាលនៃរដ្ឋជាសមាជិក ត្រូវធានាថា ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់រូប ទោះបីជារស់នៅកន្លែងណាក៏ដោយ ក៏អាចទទួលបានសេវាថែទាំសុខភាព ជាសារវ័ន្ដប្រកបដោយគុណភាព ដោយមិនប្រឈមនឹងបន្ទុក នៃការចំណាយលើការថែទាំសុខភាព»

លោកសាស្ដ្រាចារ្យបន្ដថា «ដូច្នេះការជួបជុំគ្នារបស់យើងនៅថ្ងៃនេះ គឺសម្រាប់សន្ទនាពីគោលនយោបាយ និងយុទ្ធសាស្ដ្រការពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការឈានទៅសម្រេចគោលបំណង នៃគោលនយោបាយសុខាភិបាលនៅកម្ពុជា ដែលកំណត់បាននៅក្នុងផែនការយុទ្ធសាស្ដ្រសុខាភិបាល ២០១៦-២០២០ គឺ «លើកកម្ពស់លទ្ធផលសុខភាពប្រជាពលរដ្ឋកម្ពុជា និងបង្កើនការបង្ការហានិភ័យហិរញ្ញវត្ថុ។ លើសពីនេះទៀត យើងនឹងមានឱកាសចែករំលែកបទពិសោធន៍ នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់បណ្ដាប្រទេសនៅក្នុងតំបន់ និងដៃគូអភិវឌ្ឍសុខាភិបាល ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់ទៀតថា កម្ពុជាបានសម្រេចបានស្ទើរទាំងស្រុង នូវសូចនាករសុខភាពសំខាន់ៗនៃគោលដៅអភិវឌ្ឍសហសវត្សឆ្នាំ២០១៥ ពីរទៅបីឆ្នាំមុនកាលកំណត់ មានជាអាទិ៍ ការកាត់បន្ថយជាអតិបរមា នៃអត្រាមរណភាពមាតា និងកុមារ អត្រាចម្លងមេរោគអេដស៍ អត្រាស្លាប់នៃជំងឺរបេង និងជំងឺគ្រុនចាញ់ជាដើម។ ជាងនេះទៅទៀត សម្រាប់ការពង្រីក យន្ដការគាំពារសុខភាពជាចំបង គឺកម្មវិធីមូលនិធិសមធម៌ និងរបបសនិ្ដសុខសង្គម ផ្នែកថែទាំសុខភាព បានគ្របដណ្ដប់ប្រជាពលរដ្ឋ ប្រមាណ៣០% នៃប្រជាពលរដ្ឋកម្ពុជាសរុប នៅឆ្នាំ២០១៧ ។

រដ្ឋមន្ដ្រីថ្លែងបន្ថែមថា «យើងត្រូវបន្ដពង្រឹង​ និងពង្រីក ការអនុវត្ដកម្មវិធីមូលនិធិសមធម៌ និងរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីក ការដណ្ដប់សុខភាពជាសកល»

ព្រមជាមួយគ្នានោះ រដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណ ដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍ ដែលកន្លងមកបានខិតខំរួមកម្លាំងគ្នា ធ្វើឲ្យសេវាសុខាភិបាល បានរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយលោកជឿជាក់ថា​ ក្រោមការសាមគ្គីទាំងអស់គ្នាទូទាំងរាជធានីខេត្ដ នឹងបានពង្រឹងនូវកិច្ចការនេះ ឲ្យរក្សាបាននូវប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ៕