(ហាណូយ, វៀតណាម)៖ ក្នុងសន្និសីទរួមគ្នាក្រោមជំនួបទាំងចង្អៀត និងទូលាយជាង២ម៉ោងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម សុទ្ធតែបានបង្ហាញជំហរប្រឹងប្រែងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ក្នុងនោះការងារបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសអះអាងថា នឹងបោះឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៩ផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបង្ហាញនៅក្នុងសន្និសីទនោះថា ឆ្នាំ២០១៨នេះ កម្ពុជា-វៀតណាម បានសម្រេចការងារជាច្រើន ដែលសុទ្ធសឹងជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ក្នុងនោះកិច្ចការបោះបង្គោលព្រំដែនដែលសម្រេចបានប្រមាណ ៨៤ភាគរយ ក៏ជារឿងមួយដ៏ល្អប្រសើរផងដែរ។

សម្រាប់បញ្ហាសេសសល់លើបញ្ហាព្រំដែននេះ លោក ង្វៀន សួនហ៊្វុក បានអះអាងថា នឹងជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចយល់ស្របជាមួយនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា សម្តេចមានយុទ្ធសាស្ត្រធំៗចំនួនពីរដែលកំពុងយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានជោគជ័យ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ដែលយុទ្ធសាស្ត្រនេះកំពុងតែជោគជ័យយ៉ាងធំធេង។ យុទ្ធសាស្ត្រមួយទៀត គឺការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុងចន្លោះទសវត្សរ៍ឆ្នាំ៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ៧០ ព្រំដែនកម្ពុជា-វៀតណាម ជាតំបន់សមរភូមិសង្គ្រាមដ៏ស្រួចស្រាវមួយ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការប្រែក្លាយតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាមទៅជាតំបន់មិត្តភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ជាក្តីរីករាយបំផុត។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំពិតជាមានការរីករាយ ដោយព្រំដែនកម្ពុជា-វៀតណាម បច្ចុប្បន្ននេះ ក្លាយទៅជាព្រំដែនមិត្តភាព ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង មានកន្លែងមួយចំនួនដែលជាអតីតសមរភូមិសង្គ្រាមកំពុងតែក្លាយទៅជាទីផ្សាររួចស្រេចទៅហើយ»

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង ១,២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនសរុបចំនួន ៣១៤បង្គោល។

បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕