(សៀមរាប)៖ លោក អេនដ្រៀល ជហានេឡាន នាយកក្រុមហ៊ុន Pactics ដែលជាក្រុមហ៊ុនផលិតផលវាយនភ័ណ្ឌ ក្រណាត់ជូតវ៉ែនតា និងស្រោមវ៉ែនតាម៉ាក់ល្បីរបស់ប្រទេសហូឡង់ នៅខេត្តសៀមរាប បានបង្ហាញជំនឿជឿជាក់ថា កម្ពុជានឹងអាចរួចផុតពីការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីសហគមន៍អឺរ៉ុប ដោយអ្វីៗអាចនឹងមករកភាពប្រក្រតី បើភាគីពាក់ព័ន្ធបានងាកមកជជែកគ្នាលើបញ្ហាមួយចំនួនតែប៉ុណ្ណោះ។

លោកនាយកក្រុមហ៊ុនហូឡង់រូបនេះ បានអះអាងថា បើសិនជាមានការដក EBA មាននោះ ក្រុមហ៊ុនរបស់លោក នឹងមានការប៉ះពាល់ខ្លាំងភ្លាមៗតែម្តង ដូច្នេះលោកមិនចង់ឃើញ សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាឡើយ។

លោក អេនដ្រៀល ជហានេឡាន បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក បានធ្វើការទទួលស្វាគមន៍ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះធ្វើទស្សនកិច្ច នៅក្នុងក្រុមហ៊ុន Pactics នៅក្នុងទឹកដីខេត្តសៀមរាប។

លោក អេនដ្រៀល ជហានេឡាន បានថ្លែងថា បើសិនជាមានការដក EBA ពិតមាននោះ វានឹងអាចប៉ះពាល់ មកលើក្រុមហ៊ុន Pactics របស់លោកភ្លាមៗតែម្តង គឺវាអាចប៉ះពាល់​ មកលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេស​ជិតខាង និងជាមួយប្រទេស​ចិន។ ការរៀបចំផ្តល់ EBA ដល់ប្រទេស​កម្ពុជា គឺសំខាន់ខ្លាំងណាស់​ គឺធ្វើឱ្យក្រុមហ៊ុនយើងមានលទ្ធភាពជួយមនុស្ស ឬប្រជាពលរដ្ឋជាច្រើននាក់ឱ្យធ្វើការងារ។

លោកអះអាងថា ក្រុមហ៊ុន Pactics គឺមានគម្រោងជួលកម្មករ និងបុគ្គលិកបន្ថែមទៀត ដូច្នេះហើយប្រសិន EBA នេះលែងមានទៀត ក្រុមហ៊ុន Pactics នឹងអាចជួបប្រទះនូវភាពមិនប្រាកដប្រជាមួយចំនួនហើយ ដូច្នេះមានតែចាំមើលថា អតិថិជនគាត់នៅតែអាចសុខចិត្តចាយវាយ លើផលិតផលរបស់យើងបន្តទៀត ដែលតម្លៃមានការកើនឡើងដែរ ឫទេ?។

លោកបានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកបានជួប​ជាមួយ លោក​ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីបញ្ហា និងបង្ហាញពីភាពព្រួយបារម្មណ៍ទាក់ទងនឹងបញ្ហាការដក​ EBA នេះ។ លោកមានទំនុកចិត្តថា បញ្ហា EBA នេះនឹងមិនត្រូវបានដកនោះទេ ប្រសិនបើភាគគឺកម្ពុជា និងសហភាពអឺរ៉ុប បានអង្គុយពិភាក្សាគ្នា ហើយអាចដោះស្រាយនូវបញ្ហា EBA នេះចេញ ដែលនេះគឺជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូលផងដែរ ហើយលោកផ្ទាល់គឺមានទំនុកចិត្តថា EBA នេះ និងមិនត្រូវបានដកនោះទេ ។

ទាក់ទងនឹងបញ្ហា EBA នេះ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បាន​ឱ្យដឹងដែរថា បច្ចុប្បន្ន​គឺនៅតែមានការបន្តទំនាក់ទំនងគ្នា រវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះគឺកំពុងមានការពិភាក្សា អំពីបញ្ហាដែលត្រូវបានលើកឡើងដោយសហភាពអឺរ៉ុប ហើយបញ្ហាទាំងអស់នេះ គឺពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀមមួយ ដែលដាក់ចេញនៅលក្ខខណ្ឌ ដើម្បីឱ្យប្រទេស​ដែលចង់ទទួលបាន EBA ត្រូវតែធ្វើតាម។

ហើយនៅក្នុងបរិបថនេះ លោកគិតថា នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋសភា ​ក្នុង​ការ​ធ្វើ​វិ​សោ​ន​កម្ម​ ក្នុង​ការ​ផ្តល់​លទ្ធភាព​ឲ្យ​មានការ​បើក​ច្រក​សម្រាប់​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ស្នើ​ទៅ​ព្រះមហាក្សត្រ ​ដក​បម្រាម​ពី​អ្នកនយោបាយ​ ដែល​មិន​ឲ្យ​ចូល​ធ្វើ​នយោបាយ​ចំនួន​១១៨​រូប ​មក​ពី​គណបក្សប្រឆាំង​ប្រឡូក​ក្នុង​នយោបាយ កាលពីថ្មីៗកន្លងទៅនេះ គឺជាផ្នែកមួយដ៏សំខាន់ផងដែរ៕