(ត្បូងឃ្មុំ)៖ ទឹកចាហួយម៉ាក DayDay ចំនួន៣៥កេស, តៅហ៊ូកំប៉ុង៤៨កំប៉ុង និងនំដំឡូងកញ្ចប់ចំនួន១០កញ្ចប់ធំ ដែលហួសកាលបរិច្ឆេទ កំប៉ុងប៉ោងកំប៉ិត ខូចគុណភាព នៃការប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូលបានធ្វើកិច្ចសន្យាជាមួយម្ចាស់ និងដកហូតយកទុកកម្ទេចចោល។

ប្រតិបត្តិការរកឃើញទំនិញខូចគុណភាពជាច្រើនមុខខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ នៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ជាប្រចាំឲ្យដូចភ្លាមរលឹម។

ជាមួយគ្នានោះ ប្រធានសាខាកាំកុងត្រូលខេត្ត បានអប់រំ ក៏ដូចជាពន្យល់ណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។

បន្ទាប់មក មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះទៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈនានាក្នុងខេត្ត ដោយធ្វើការផ្ទៀងផ្ទាត់ ក៏ដូចជាណែនាំម្ចាស់ស្ថានីយ៍ទាំងនោះ ដាក់លក់នូវតម្លៃប្រេងឥន្ធនៈឲ្យស្របទៅនឹងតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ផងដែរ៕