(ហាណូយ, វៀតណាម)៖ ថ្លែងនៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រោយជំនួបពិភាក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះសម្តេចបានប្រាប់សមភាគីវៀតណាម រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយកម្ពុជាក៏មិនអនុញ្ញាតឲ្យវត្តមានកងទ័ពខ្លួននៅលើទឹកដីបរទេស ក្រៅពីក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាមថា ព័ត៌មានដែលចេញផ្សាយដោយ Asia Time ថា កម្ពុជាផ្តល់មូលដ្ឋានទ័ពឲ្យប្រទេសចិននោះ គឺជាព័ត៌មានមិនពិត ព័ត៌មានភូតកុហក និងជាព័ត៌មានបំផ្លិចបំផ្លាញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខអ្នកព័ត៌មានក្នុងសន្និសីទរួមគ្នានោះថា «ខ្ញុំសូមបញ្ជាក់ជូននៅទីនេះបន្ថែមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនោះទេ ហើយក៏មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជាចេញទៅក្រៅប្រទេសក្រៅក្របខណ្ឌអង្គការសហប្រជាជាតិដែរ។ ចំណុចនេះវាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ តែវាអាចក្លាយទៅជាកង្វល់នៃបណ្តាប្រទេសជិតខាងរាប់ទាំងប្រទេសក្នុងតំបន់ផងដែរ បើសិនការឃោសនានេះវានឹងបន្តតទៅទៀត ហើយខ្ញុំសង្ឃឹមថានឹងបញ្ចប់នូវពាក្យចចាមអារ៉ាមដ៏អាក្រក់មួយនេះសម្រាប់កម្ពុជា»

សូមបញ្ជាក់នៅខែមុននេះ ព័ត៌មាន Asia Time បានចុះផ្សាយដោយលើកឡើងថា កម្ពុជាកំពុងផ្តល់មូលដ្ឋានសម្រាប់កងទ័ពចិន។ ព័ត៌មាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាព័ត៌មានចេតនាទុច្ចរិតមួយក្នុងការបង្កការភ័ន្តច្រឡំភាពអព្យាក្រិត្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាចង់អូសកម្ពុជាទៅក្នុងវិបត្តិណាមួយដែលជាបំណងដ៏ពិសពុល។

សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងការបរទេសកម្ពុជា បានចេញមកច្រានចោលជាបន្តបន្ទាប់ និងបានបញ្ជាក់យ៉ាងច្បាស់លាស់ពីជំហរ និងនយោបាយពាក់ព័ន្ធលើវិស័យយោធានៅកម្ពុជា៕