(ឡាវ)៖ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៨ បានប្រជុំទ្វេភាគីជាមួយ ប្រធានគណៈប្រតិភូឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ ថាមម៉ាសិទ្ធ អនុរដ្ឋមន្ត្រីនៃក្រសូងសន្តិសុខសាធារណៈ និងស្នងការត្រួតពិនិត្យគ្រឿងញៀន និងគ្រប់គ្រងគ្រឿងញៀន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

កិច្ចប្រជុំទ្វេភាគីនេះ ឈរលើស្មារតីសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការយោគយល់គ្នាដែលឆ្លុះបញ្ជាំង ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសទាំងពីរជាមួយនឹងទស្សនៈ នៃការពង្រឹងសកម្មភាពសហប្រតិបត្តិការ បន្ថែមទៀតស្របទៅតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៩ និងផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានៅ ឆ្នាំ២០០០។

ប្រឈមមុខទៅនឹងសភាពការណ៍ថ្មីៗ និងភាពស្មុគស្មាញនៃគ្រឿងញៀន៖ ការផលិត ការដាំដុះ ការចរាចរ និងការប្រើបំពានគ្រឿងញៀនទាំងនៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ពិសេសដើម្បីចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការកសាងបាននូវ «សន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់» ពីឆ្នាំ២០១៦-២០២៥ កម្ពជា-ឡាវបានដាក់នូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩៖

១៖ ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន​ ឯកភាពគ្នាឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក រវាងអាជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរពាក់ព័ន្ធនឹងករណីផលិត ដាំដុះ ចរាចរ និងការប្រើបំពាននៃគ្រឿងញៀន។

២៖ ពង្រឹងការអនុវត្តច្បាប់តាមព្រំដែន ដោយផ្អែកទៅលើច្បាប់ បទបញ្ញត្តិ នៃច្បាប់គ្រឿងញៀន​គាំទ្រដល់ការស៊ើបអង្កេតករណីពាក់ព័ន្ធ និងគ្រឿងញៀនធានាបានដល់ការពង្រឹង កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយរៀបចំកិច្ចប្រជុំឱ្យ បានទៀងទាត់ទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត តាមការប្តូរវេន ។

៣៖ ការពង្រឺងសមត្ថភាពមន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន​ BLO នៅតាមខេត្តជាប់ព្រំដែន​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាធ្វើការចែករំលែកបទពិសោធន៍ ក៍ដូចជាការ ស្វែងរកការ គាំទ្រជាសម្ភារៈ និងការបណ្តុះបណ្តាលពីដៃគូអភិវឌ្ឍន៍នានា។

៤៖ បង្កើតភូមិ-ឃុំ និងសាលារៀនគ្មានគ្រឿងញៀននៅតាមព្រំដែន​គាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតភូមិ-ឃុំ និងសាលារៀនគ្មាន គ្រឿងញៀននៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរក្នុងនោះ ត្រូវធ្វើការណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែន ឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមគំនិតផ្តួចផ្តើមនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោយបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

៥៖ ការផ្លាស់ប្តូរគណប្រតិភូប្រចាំឆ្នាំ២០១៩​ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ លើការងារត្រួតពិនិត្យគ្រឿងញៀន។

៦៖ ពង្រឹងការយល់ដឹងពីគ្រឿងញៀន​ ដោយលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសទាំងពីរ ដែលរស់នៅតាមបណ្តោយព្រំដែន និងផ្សព្វផ្សាយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងពីគ្រោះថ្នាក់ដែលបង្កដោយគ្រឿងញៀន។

៧៖ ឯកភាពគាំទ្រគម្រោងសុវត្ថិភាពទន្លេមេគង្គ ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំចូលក្នុងតំបន់ផលិត៕