(ហាណូយ, វៀតណាម)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកនៃទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួមមក នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងដំណើរបន្តអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់រយៈពេល៣ថ្ងៃបន្តទៀត គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ។

នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ វត្តមាន នៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖ លោកសាស្រ្តាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ, លោក អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំកម្ពុជា, លោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។

បន្ទាប់ពីបានធ្វើដំណើរប្រមាណ១ម៉ោង៖១០នាទី យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ 001 បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយាន ដ្ឋានអន្តរជាតិណូយបៃ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង១៦៖២០នាទី ក្រោមវត្តមាន នៃការអញ្ជើញបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល, លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី ព្រមទាំងវត្តមាន ឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃទី៧ ខែធ្នូ។ វៀតណាមគឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចតេជោ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ៕