(ក្រចេះ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំបើកវគ្គសិក្ខាសិលាស្តីពី ផែនការប្រើប្រាស់ដី នៅក្នុងឃុំ-សង្កាត់ ឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ដែលស្របតាមគោលការណ៍ច្បាប់កន្លងមក ដោយបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លី ផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធ គ្រប់គ្រងការលុបបំបាត់ភាពអនាធិបតេយ្យក្នុងការកាន់កាប់ដី។

ក្នុងសិក្ខាសាលានេះដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ដោយមានការសហការ គាំទ្រពីអង្គការ WWF និងវត្តមានចូលរួមពី អង្គការដៃគូរអភិឌ្ឍទូទាំងខេត្ត លោក លោកស្រីមន្ទីរ អង្គភាព ក្រុង-ស្រុក មេឃុំ-មេភូមិជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះបានឲ្យដឹងថា មន្ទីរបានធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ័ក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី សំដៅកាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាពក្នុងការកាន់កាប់ដី បន្តដោះស្រាយវិវាទដីធ្លីក្រៅប្រពន្ធ័តុលាការ ដោយសហការជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាពិសេសដោយមានការ គាំទ្រពីអង្គការ WWF តាមរយៈ​គម្រោង​ «ការគាំទ្រ​ជីវភាព​រស់នៅ​ និង​ការ​អភិរក្ស​ក្នុង​តំបន់​ទេសភាព​ព្រៃលិច​ទឹក​ទន្លេ​មេគង្គ»​ ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ប្រទេស​ ប៊ែល​ ហ្សិក​ បាន​នឹង​កំពុង​សកម្មភាព​គម្រោង​សំខាន់ៗ​រួម​មាន​៖​ ១.ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​ធ្លី​ថ្នាក់​ឃុំ​ចំនួន​២​ គឺ​ឃុំ​អូរគ្រៀង​ ស្រុក​សំបូរ​ និង​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែកប្រសព្វ​, ២.ការ​បង្កើត​សហគមន៍​ព្រៃឈើ​ចំនួន​៨កន្លែង​ និង​លើក​កម្ពស់​សហគមន៍​នៅ​ក្នុង​ខេត្ត​, ៣,គាំទ្រ​លើ​ការ​បង្កើត​ជម្រើស​មុខ​របរ​ផ្សេងៗ​ ដល់​សហគមន៍​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​, ៤.គាំទ្រ​លើ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច និង៥.​ការ​គ្រប់គ្រង​តំបន់​ការពារ​ និង​អនុវត្ត​ច្បាប់​។

ក្នុងពិធីបើកវគ្គនាឱកាសនោះដែរ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានឲ្យដឹងថា «សិក្ខាសាលានេះ គឺជាឱកាសសម្រាប់ឲ្យយើងទាំង​អស់​ទទួលបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ គឺត្រូវបានគ្រប់គ្រងថែរក្សាការពារសមស្របតាមបែបបទបរិស្ថាន និងប្រកបដោយចីរភាព ដើម្បីជួយដល់ការកាត់បន្ថយទំនាស់ និងភាពក្រីក្រនៅកម្ពុជា»

លោកបន្តទៀតថា ការរៀបចំផែនការប្រើប្រាស់ដីធ្លីនេះ គឺផ្អែកលើគោលការណ៍នៃភាពជាម្ចាស់របស់មូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យដំណើរការ ធ្វើផែនការដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដីខេត្ត រួមទាំងក្រុមការងារអន្តរក្រសួងស្តីពីការចូលរួមធ្វើផែនការប្រើប្រាស់ដីធ្លីដូចដែលបានចែងក្នុងគោលការណែនាំ។

នាពេលបច្ចុប្បនេះ មន្ទីររៀបចំដែនដីខេត្តក្រចេះ បាននឹងកំពុងរៀបចំដំណើរការនៃការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួនពីររួមមាន៖ ឃុំជ្រោយបន្ទាយ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងឃុំអូរគ្រៀង ក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្រោមជំនួយថវិការបស់រដ្ឋាភិបាល ប៊ែល ហ្សិក តាមរយៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អង្គការ WWF-កម្ពុជាផងដែរ៕