(កែប)៖ នគរបាលខេត្តកែប បង្ក្រាបបានជនសង្ស័យ២នាក់ រួមនិងវត្ថុតាងថ្នាំញៀន៧កញ្ចប់ កាលពីថ្ងៃម្សិលមិញ នៅចំណុចផ្លូវលំចូលទៅភ្នំវ័ល្លិ ចម្ងាយ១៥០ម៉ែត្រ ពីផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក បែន តារា ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង២ រួមមាន៖ ១. ឈ្មោះ ហេង ចាន់ចាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើ និង២. ឈ្មោះ គឹម សាយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់ ក្នុងនោះធំ១កញ្ចប់ និងតូច ៦កញ្ចប់, កាំភ្លើងកែឆ្នៃ ២ដើម, ដាវសាំមូរ៉ៃ ១ដើម, ដែកកេះកែឆ្នៃចំនួន២, កន្ត្រៃ ១ដើម, សម្ភារៈសម្រាប់ជក់ ១កំផ្លេរ, និងថង់សម្រាប់វេចខ្ចប់មួយចំនួនធំ។

លោកស្នងការបានបញ្ជាក់ទៀតថា ជនសង្ស័យ ២នាក់ពាក់ព័ន្ធចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកែប ដោយមានការបញ្ជានីតិវិធី ពីរូបលោកផ្ទាល់ និងមានការសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ដឹកនាំកម្លាំងផ្ទាល់ ដោយលោកវរសេនីយទោ តាំង ធារុំ ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ចុះប្រតិបត្តិការបង្រ្កាបបាន នៅចំណុចកើតហេតុ។

បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕