(ស្វាយរៀង)៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំក្រោលគោ ស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ មានសារព័ត៌មាន ក្នុងស្រុកមួយបានចុះផ្សាយក្នុង Facebook ដោយចោទប្រកាន់ថា មេឃុំក្រោលគោមិនព្រមមិនចុះហត្ថលេខាតាម ពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធដីធ្លី ជាលក្ខណៈជាប្រពន្ធ័ឲ្យពលរដ្ឋនោះទេ។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានអះអាងថា ​ការដែលមិនចុះហត្ថលេខា តាមការស្នើរសុំធ្វើបណ្ណកម្មសិទ្ធដីធ្លីរបស់ប្រជាពលរដ្ឋឈ្មោះ សា លាង នោះដោយសារសំអាងហេតុផល៣ចំណុច រួមមាន៖

*ទី១៖ លោកបានអនុវត្តទៅតាមការសម្រេចរបស់គណៈកម្មាការចម្រុះ ដែលបានប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ២០១៤ ដែលក្នុងនោះ មានសមាសភាពចូលរួមពីលោកអភិបាលរងស្រុកស្វាយជ្រុំ លោកប្រធានវាលក្រុមវិនិច្ឆ័យដីធ្លី ជាលក្ខណៈប្រពន្ធ័ លោកប្រធានភូមិបាលស្រុកស្វាយជ្រុំ ព្រមទាំងក្រុមប្រឹក្សាឃុំអាណត្តិមុនបានសម្រចថា មិនចេញប្លង់កម្មសិទ្ធជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារនោះទេ ព្រោះជាដីផ្សារកម្មសិទ្ធរបស់រដ្ឋ។

*ទី២៖ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារក្រោលគោ ជំទាស់មិនឲ្យចេញប្លង់ថ្មីនេះទេ ប្រសិនបើចេញប្លង់ដីថ្មី ជូនលោក សា លាង គឺត្រូវចេញប្លង់ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារក្រោលគោនេះផងដែរ។

*ទី៣៖ លោកសូមបដិសេធទាំងស្រុងចំពោះការលើកឡើងថា លោកអភិបាលរងស្រុកស្វាយជ្រំ ហែម សារិទ្ធ បានណែនាំរូបលោកចំនួនពីរដងហើយ ដោយធាតុពិតគឺគ្មានទេ ហើយលោក ក៏សំណូមពរឲ្យសារព័ត៌មាននោះចុះផ្សាយកែតម្រូវឡើងវិញតាមការពិតជាក់ស្តែង។

លោកបានបញ្ជាក់ថា បើច្បាប់រកឃើញថាឈ្មោះ សា លាង ពិតជាមានដីត្រឹមត្រូវ ដែលអាចចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ នោះលោកនឹងចុះហត្ថលេខាឲ្យ តែក្រុមគណៈកម្មាការចម្រុះបានរកឃើញថា ដីផ្សារកម្មសិទ្ធរបស់រដ្ឋនោះ លោកមិនចុះហត្ថលេខាឲ្យទេព្រោះវាខុសច្បាប់៕