(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ​ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងទិវាជនពិការភាពលើកទី២០​ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៦ នៅសាលមហោស្រពកោះពេជ្រ។

ពិធីនេះ មានការចូលរួមពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឯម ច័ន្ទមករា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនពិការសរុបចំនួន៣,៥០០នាក់។

សូមជំរាបថា ទិវាជនពិការភាពលើកទី២០​ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៦ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរជោគជ័យ លើវិស័យសុខុមាលភាពជនពិការនៅកម្ពុជា ហើយបន្តបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួម របស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការទស្សវត្សរ៍ជនពិការ ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិច ឆ្នាំ២០១៣-២០២២ (យុទ្ធសាស្ត្រអីឈាន់ «ធ្វើឲ្យក្លាយជាការពិត») ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ។

សម្តេចតេជោ ហ៊ុន​ សែន កាលពីថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០​ និងទិវាជនមានពិការភាពអន្តរជាតិ​ លើកទី៣៦។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីនេះត្រូវ​ប្រារព្ធ​ឡើង ដើម្បីបង្កើន ការយល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោតលើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ ដល់​ជនពិការ​នូវ​លទ្ធភាព​ប្រើប្រាស់​បាន​នៅតាម​ទីសាធារណៈ និង​ឯកជន ក៏ដូចជា​ការ​បំផុស​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​អនុវត្ត​ការជ្រើសរើស​ជនពិការ​ឲ្យ​ចូល​បម្រើ​ការងារ ការហ្វឹកហ្វឺន​បផ្នែកផ្សេងៗជាច្រើន។

បច្ចុប្បន្នគោលនយោបាយ និងផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗរបស់​រដ្ឋាភិបាល ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជនពិកា​រ ការផ្តល់សេវា​សុខភាព សមត្ថភាព និង​ការការពារ​ជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅដ្ឋាន​ជូន​ជនពិការ ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម នៅ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនពិការ​ក្រីក្រ លើកកម្ពស់​ជីវភាព ការអប់រំ ការព្យាបាល ការស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ ជា​ពិសេស​​ម្រា​ប់​ជនពិការ​គ​ថ្លង់ និង​ជនពិការភ្នែក​ផងដែរ។ រដ្ឋាភិបាល ក៏បាន​រៀបចំ​បង្កើត​ឲ្យ​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជនពិការភ្នែក និង​ជនពិការ​គ​ថ្លង់ ព្រមទាំង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៃ​វិស័យ​អប់រំ។ល។

សម្តេចបានសំណូមពរ សូមគ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យឯកជន ឲ្យបន្តលើកទឹកចិត្ត​ដល់​ជនពិការ ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ និង​តួនាទី​ទទួលខុសត្រូវ ក្នុង​មុខតំណែង ឲ្យ​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី ជាដើម៕