(សៀមរាប)៖ ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ​ ត្រូវបានដង្ហែតម្កល់ក្នុងចេតិយ មុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាបរួចហើយ នៅម៉ោង៤ទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការដង្ហែធាតុរបស់លោកវេជ្ជបណ្ឌិតមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ និងបងស្រីរបស់លោកវេជ្ជបណ្ឌិត ដែលអញ្ជើញមកពីប្រទេសស្វីស និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា យ៉ាងច្រើនកុះករ ដោយបង្ហាញនូវអារម្មណ៍ក្តុកក្តួល សោកសង្រេងដែលបាត់បង់នូវវីរៈបុរសរបស់កម្ពុជា ក្នុងការងារសង្គ្រោះជីវិតមនុស្ស។

សូមចម្រាបថា ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ បានដឹកពីប្រទេសស្វីស​ ទឹកដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ហើយ នៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨។

បន្ទាប់ពីបានយកមកដល់ព្រលានយន្តហោះ ធាតុរបស់លោកត្រូវបានហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក។ នៅតាមដងផ្លូវគេសង្កេតឃើញមានមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនឈរនៅអមសងខាងផ្លូវ សម្តែងសមានទុក្ខ និងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក។

គួររំលឹកថា លោកវេជ្ជបណ្ឌិត Richner បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះនៅឯប្រទេសកំណើតរបស់លោក។ ក្រោយបានធ្វើពលីកម្មដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជាអស់រយៈពេលប្រមាណ២៥ឆ្នាំ លោកវេជ្ជបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជាទាំងចិត្តមិនចង់កាលពីខែមីនា ឆ្នាំ២០១៧៕