(សៀមរាប)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ យាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត​ បេអាត រិចឈ្នឺរ (​Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។

សូមបញ្ជាក់ថា ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ បុរសដែលបានបូជាកម្លាំងកាយចិត្តពាក់កណ្តាលជីវិតចុងក្រោយ ដើម្បីកុមារកម្ពុជានោះ​ បានដឹកពីប្រទេសស្វីស​ ទឹកដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ហើយ នៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ នៅវេលាម៉ោងប្រមាណ​៨ព្រឹក​ ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ​ ៧០០អង្គ។

បន្ទាប់ពីបានយកមកដល់ព្រលានយន្តហោះ ធាតុរបស់លោកត្រូវបានហែចេញពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប​ មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប​ ទីដែលត្រូវតម្កល់ធាតុរបស់លោក។

ពិធីដង្ហែមានការបើកផ្លូវដោយរថយន្តសឺរ៉ែនរបស់មន្ត្រីនគរបាល​ និងមានការហែអមដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ព្រមទាំងមានការលេងភ្លេងពិណពាទ្យអមផងដែរ។

នៅតាមដងផ្លូវគេសង្កេតឃើញមានមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនឈរនៅអមសងខាងផ្លូវ សម្តែងសមានទុក្ខ និងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក៕