(ភ្នំពេញ)៖ បន្ទាប់ពីបានបំពេញបេសកកម្មមនុស្សធម៌ដោយមិនទាមទារការតបស្នងអស់រយៈពេលប្រមាណ ២៥ឆ្នាំនៅដែនដីកម្ពុជា លោកវេជ្ជបេអាត រិចឈ្នឺរ​ (​Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើមរណកាល ចាកចោលប្រជាពលរដ្ឋរាប់លាននាក់ដែលលោកបានជួយសង្គ្រោះដោយស្ងប់ស្ងាត់បំផុតលើទឹកដីកំណើតក្នុងប្រទេសស្វីស កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ បន្ទាប់ពីការធ្វើមរណកាលអស់រយៈពេលជិត៤ខែ ធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានបញ្ជូនមកតម្កល់នៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាបអង្គរ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

រយៈពេល ២៥ឆ្នាំនៃជីវិតចុងក្រោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានលះបង់សព្វបែបយ៉ាងទាំងអស់នៅលើដែនដីកម្ពុជា ដើម្បីតែកុមារកម្ពុជា ដើម្បីតែពលរដ្ឋកម្ពុជា។ ការលះបង់របស់លោកវេជ្ជបណ្ឌិត ឬគ្រូពេទ្យទេវតាសង្គ្រោះ ដែលជាពាក្យប្រសិទ្ធនាមដោយពលរដ្ឋខ្មែរនោះ ត្រូវបានគេចាត់ទុកជាការលះបង់ដ៏មហិមាកម្រ នឹងមានបុគ្គលណាធ្វើបានដូចរូបលោកនោះឡើយ។

ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាពួកគេមិនបានជាប់សាច់ឈាមជាមួយលោកវេជ្ជបណ្ឌិត តែពាក្យទូន្មាន ការអប់រំ របស់លោកវេជ្ជបណ្ឌិតឲ្យក្រុមគ្រូពេទ្យធ្វើការប្រកប ដោយការទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ តម្កល់អាយុជីវិតអ្នកជំងឺជាចម្បង បានក្លាយទៅជាស្លាកស្នាមអនុស្សាវរីយ៍ចាក់ចូលយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ពួកគេ ហើយធ្វើឲ្យទឹកភ្នែកត្រូវរមៀលស្រក់ទាំងមិនដឹងខ្លួននៅពេលបានដឹងពីដំណឹងធ្វើមរណកាល ក៏ដូចជាពេលធាតុរបស់លោកត្រូវបានដង្ហែមកកាន់ក្រុងសៀមរាបអង្គរ។

ក្រុមគ្រូពេទ្យបម្រើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប បានលើកឡើងថា ចាប់តាំងពីពួកគេបានធ្វើការជាមួយលោកវេជ្ជបណ្ឌិតមក គឺគេបានមើលឃើញថា លោកវេជ្ជបណ្ឌិត បានដាក់ជីវិតរបស់គាត់នៅជាមួយកុមារកម្ពុជា ស្ត្រីកម្ពុជា និងជាតិរបស់កម្ពុជា។ ពួកគេបានរំលឹកថា តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពេញមួយសប្តាហ៍ លោកវេជ្ជបណ្ឌិត គ្មានពេលសម្រាក តែងតែដើរត្រួតពិនិត្យគ្រប់អ្នកជំងឺនៅតាមមន្ទីរពេទ្យទាំងអស់។ រៀងរាល់ថ្ងៃសៅរ៍ នៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប លោកតែងតែលេង «សូឡូ» ដើម្បីស្វែងរកថវិកាទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ហើយតែងតែរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាថាមន្ទីរពេទ្យនៅតែបន្តដំណើរការជាក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា មកពីគ្រួសារមានជីវភាពទន់ខ្សោយ។

នៅពេលសួរថា តើមានមូលហេតុអ្វីដែលធ្វើឲ្យលោកវេជ្ជបណ្ឌិតដាក់ជីវិតដើម្បីតែកុមារកម្ពុជា? ក្រុមគ្រូពេទ្យភាគច្រើនបំផុត សុទ្ធតែអះអាងដូចៗគ្នា «ក្តីស្រឡាញ់ពលរដ្ឋកម្ពុជាចេញពីបេះដូង ក្តីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពលរដ្ឋកម្ពុជា ក្តីស្រឡាញ់ដោយគ្មានពុតត្បុត ក្តីស្រឡាញ់មិនត្រូវការប្រយោជន៍» គឺជាកត្តានាំឲ្យលោកវេជ្ជបណ្ឌិតធ្វើពលីកម្មដោយឥតស្តាយស្រណោះចំពោះកុមារ និងស្រ្តីរបស់កម្ពុជារយៈពេល ២៥ឆ្នាំមកនេះ។

ក្តីស្រឡាញ់ដោយស្មោះត្រង់ ក្តីស្រឡាញ់ដោយគ្មានល្បិចកិច្ចកល ក្តីស្រឡាញ់មិនទាមទារការតបស្នងរបស់លោកវេជ្ជបណ្ឌិត មានទំហំធំធេង និងមានជម្រៅជ្រៅជាងមហាសាគរគ្មានម៉ែត្រក្រឹតណាមួយអាចវាស់វែងបាននោះឡើយ។

២៥ឆ្នាំក្នុងបេសកកម្មដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា លោកវេជ្ជបណ្ឌិត បានស្វះស្វែងរកថវិកាមិនតិចជាង ៦០០លានដុល្លារអាមេរិកនោះឡើយ តែលោកមិនបានកិបកេងថវិកាទាំងនេះ សម្រាប់ជីវិតរបស់លោកនោះទេ ពោលថវិកាទាំងអស់នេះ គឺដើម្បីតែជាប្រាក់ខែសម្រាប់គ្រូពេទ្យ និងបុគ្គលិកដែលស្ទើរតែទាំងអស់ជាពលរដ្ឋខ្មែរ និងសម្រាប់គ្រឿងបរិក្ខា ថ្នាំសង្កូវសម្រាប់ព្យាបាលកុមារកម្ពុជាប៉ុណ្ណោះ។

ពេលវិលត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនវិញតាមការទទូចពីបងស្រីគ្រាធ្លាក់ខ្លួនឈឺធ្ងន់នោះ លោកវេជ្ជបណ្ឌិត បានទៅវិញជាមួយតែកាបូបស្បែកមួយ ដែលជាសម្បត្តិរបស់លោកបាននាំមកជាប់ខ្លួន ពេលមកកម្ពុជាកាលពីឆ្នាំ១៩៩១។

ពេលនៅមានជីវិតបានលះបង់ បានបូជាកម្លាំងកាយចិត្ត ស្មារតី និងបញ្ញាញាណសម្រាប់តែកុមារកម្ពុជា ពេលអាយុសង្ខាផុតរលត់ទៅបានស្នើឲ្យយកធាតុមកតម្កល់នៅលើទឹកដីកម្ពុជាថែមទៀត។ តើនរណាអាចវាស់ស្ទង់ពីជម្រៅ និងទំហំនៃក្តីស្រឡាញ់របស់ជនជាតិស្វីសរូបនេះចំពោះជាតិ ប្រជាជន និងដែនដីកម្ពុជរដ្ឋបានទៅ?

បើទោះបីរូបកាយលោកវេជ្ជបណ្ឌិតបានឃ្លាតចាកឆ្ងាយកម្ពុជា តែទង្វើល្អផូរផង់ តម្លៃគុណធម៌មិនអាចកាត់ថ្លៃរបស់លោក នៅបន្តស្ថិតជាអមតៈ នៅតែឆ្លាក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរ។ សូមឲ្យទឹកចិត្តស្វាមីភក្តិរបស់លោកវេជ្ជបណ្ឌិត បានជ្រូតជ្រាបក្នុងដូងចិត្តមនសិកាកូនខ្មែរ ប្រជាពលរដ្ឋគ្របរូបឲ្យស្រឡាញ់ជាតិកម្ពុជា ឲ្យរួមគ្នាសាងអំពើល្អ សាងការចែករំលែកនៅក្នុងសង្គម នាំសង្គមកម្ពុជាទៅរកសង្គមមួយមានសុខដុម។

សូមទង្វើល្អរបស់លោកវេជ្ជបណ្ឌិត បានក្លាយជាកញ្ចក់ឲ្យបុគ្គលទាំងឡាយ ដែលតែងតែបំពានកម្លាំងញើសឈាមអ្នកដទៃ បំពានសេចក្តីសុខអ្នកដទៃដើម្បីសេចក្តីផ្ទាល់ខ្លួន និងគ្រួសារ បានជម្រុះចោលនូវទង្វើជាអសកុសលទាំងឡាយដែលពួកគេបានសាងនាពេលកន្លងមក។ ទ្រព្យសម្បត្តិអាចឲ្យអ្នកសប្បាយហ៉ឺហារក្នុងពេលមានជីវិត តែមិនស្ថិតស្ថេរជាអមតៈ មិនអាចជួយឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកក្រអូបសាយសុះ ដូចទង្វើល្អ ទង្វើជាគុណធម៌នៅក្នុងសង្គមនោះឡើយ៕