(ឡាវ)៖ លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានបង្ហាញការជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។

ការអះអាងរបស់ប្រធានរដ្ឋសភាឡាវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។

នៅក្នុងជំនួបនោះ លោកស្រីបានស្វាគមន៍ សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

លោកស្រីប្រធានរដ្ឋសភាឡាវ បានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោផងដែរ។ លោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកស្រីក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកមិញនេះ ។

ជាការឆ្លើយតប, សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោកស្រីប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូន លោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង៨៣ភាគរយ បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោត ពីអាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា មានជាង៧៧ភាគរយនៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយ និងនាយករដ្ឋមន្ត្រីឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។

លោកស្រីបានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះ មានសារៈសំខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្រីចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ឲ្យបានប្រសើរឡើងថែមទៀត៕