(ភ្នំពេញ)៖ បន្ទាប់ពីចុះអនុស្សរណៈរួមគ្នាស្តីពី ការអភិវឌ្ឍកីឡាបាល់បោះឆ្ពោះ ឈានទៅប្រជែងដណ្តើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ កាលពីខែតុលាកន្លងទៅនេះ មន្រ្តីជាន់ខ្ពស់សហព័ន្ធបាល់បោះកម្ពុជា បានជួបពិភាក្សាជាថ្មីម្តងទៀតជាមួយមន្រ្តីជាន់ខ្ពស់ នៃសមាគមបាល់បោះកម្ពុជានៅសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍបណ្តុះបណ្តាលកីឡាករបាល់បោះ នៃសម្ព័ន្ធបាល់បោះទាំងពីរ រួមគ្នាពង្រឹងឆ្ពោះទៅប្រជែងដណ្តើមមេដាយ ជូនកម្ពុជានៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ជំនួបពិភាក្សាជាថ្មីនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ រវាងលោក អ៊ុក សិទ្ធិជាតិ អនុប្រធានសទី១ សហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងឱ្យលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោក ចូវ សុខារី ប្រធានសមាគមបាល់បោះកម្ពុជានៅសហរដ្ឋអាមេរិក។

ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរលើអនុស្សរណៈ ដែលបានចុះកាលពីខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ។
លោកអះអាងថា ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើគម្រោងបណ្តុះបណ្តាល ពង្រឹងសមត្ថភាពកីឡាករថ្នាលសម្រាប់ភាគីទាំងពីរ ដើម្បីចម្រាញ់រកធនធានល្អៗមកច្របាច់បញ្ចូលគ្នាជាក្រុមជម្រើសជាតិ ត្រៀមការប្រកួតធំៗលើឆាកអន្តរជាតិ។

អនុប្រធានទី១រូបនេះ បញ្ជាក់ទៀតថា ក្រៅពីពិភាក្សាលើចំណុចសំខាន់ៗដែលភាគីទាំងពីរ បានចុះរួមគ្នាក្នុងអនុស្សរណៈនោះ សម្ព័ន្ធបាល់បោះទាំងពីរក៏បានពិភាក្សារិះរកគន្លឹះអភិវឌ្ឍន៍មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាឱ្យបាល់បោះមានសក្កានុពល អាចប្រកួតប្រជែងដោយជោគជ័យ ជាមួយប្រទេសនៅក្នុងតំបន់នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាទិសដៅសំខាន់របស់សហព័ន្ធបាល់បោះកម្ពុជា។

ដោយឡែក លោក ចូវ សុខារី ប្រធានសមាគមកីឡាបាល់បោះកម្ពុជា-អាមេរិក បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការលើលើអនុស្សរណៈយោគយល់គ្នាខាងលើ លោកបានប្តេជ្ញាជួយអភិវឌ្ឍកីឡាបាល់បោះកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នៅឆ្នាំ២០២៣។ លោកអះអាងថា សព្វថ្ងៃសមាគមកីឡាបាល់បោះនៅអាមេរិកមានធនធានកីឡាករច្រើន ដែលកំពុងប្រកបអាជីពនៅក្លឹបបាល់បោះតាមរដ្ឋមួយចំនួនរបស់អាមេរិក។

គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយលគ្នារវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា ជាមួយនឹងសមាគមបាល់បោះកម្ពុជា-អាមេរិក ធ្វើឡើងកាលពីខែតុលា ឆ្នាំ២០១៨ កន្លងមក ដើម្បីអភិវឌ្ឍន៍បាល់បោះឆ្ពោះទៅប្រជែងដណ្តើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕