(សៀមរាប)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចម៉ែ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទជាផ្លូវការ នៃពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។

ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានរៀបចំពិធីបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

* ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក

* ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ

* ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌

* ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា

* ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

* ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕