(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានលើកយកសំណុំរឿងជនជាតិ ប៊ែលហ្សិក ដែលជាក្រុមមេខ្លោង ជួយដូរគ្រឿងញៀនឆ្លងដែន មកធ្វើការជំនុំជម្រះទោស បន្ទាប់ពីមេឧក្រិដ្ឋជនគ្រឿងញៀនរូបនេះ បានប្តឹងជំទាស់លើសាលក្រមដែលតុលាការ បានសម្រេចដាក់គុកអស់មួយជីវិត នាពេលកន្លងមក។

សវនការនេះ មានលោក ឈឹម រិទ្ធី ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងលោក តុប ឈុនឡុង ជាតំណាងអយ្យការ។

នៅក្នុងសវនការ ជនត្រូវចោទឈ្មោះ TALLER TANGUY EDDIE J. នៅតែបដិសេធ មិនទួលយកសាលក្រមដែលតុលាការ បានសម្រេចដាក់គុករូបគេអស់មួយជីវិត ដោយអះអាងថា ខ្លួនរងនូវការចោទទាំងខុសពីការពិត ព្រោះថា ខ្លួនមិនបានដឹងរឿងទេ។

ទោះជាយ៉ាងណាក៏ដោយ តំណាងអយ្យការ នៅតែបន្តតម្កល់បទចោទដោយឥតកែប្រែ ហើយសវនការលើសំណុំរឿងនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លើកយកទៅប្រកាសសាលក្រម លើបណ្តឹងទាស់នេះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

សូមរំលឹកថា មេជួញដូរគ្រឿងញៀនឆ្លងដែនរូបនេះ ត្រូវបានកម្លាំងជំនាញនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) បានស្រាវជ្រាវ និងឈានចាប់ខ្លួនបាននៅចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

ជនជាតិប៊ែហ្សិក (Belgium) រូបនេះ កាន់លិខិតឆ្លងដែនលេខ EN383201។ ដោយមានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៤៧៥ «យ» ដចន ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនខាងលើត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងអាកាស ពីប្រទេសប្រេសីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជា ដែលសមត្ថកិច្ចកម្លាំងជំនាញ បានបង្រ្កាបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកអ្នកដំណើរមកដល់។

ជាលទ្ធផលពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ CATRY DAVID NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN106323 និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ Cocaine ទម្ងន់ 1003.24g (លាក់ក្នុងបាតវ៉ាលី)៕