(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ជាមួយសមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ (PAPA) សមាគមជាតិធនធនមនុស្សម៉ាឡេស៊ី (PUSMA) និងសមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ (PIKAP)។

អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ម៉ាឡេស៊ីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៨។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ សំដៅបង្កើតកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងប្រាំ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករទេសន្តប្រវេសន៍កម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះទៀត អនុស្សរណៈយោគយល់គ្នានេះក៏ជាយន្តការថ្មីមួយ នៅក្នុងការធ្វើសកម្មភាពបង្កើនអត្ថប្រយោជន៍ ជូនពលករទេសន្តប្រវេសន៍កម្ពុជា ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ការបើកដំណើរការឡើងវិញនៃការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសរួចមក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារមានចំនួន ១០៣ក្រុមហ៊ុន ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងនោះប្រទេសម៉ាឡេស៊ីមានចំនួន ៦៩ក្រុមហ៊ុន (គិតត្រឹមខែតុលា ឆ្នាំ២០១៨)៕