(ព្រះវិហារ)៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨នេះ កសិករទទួលផលក្នុងគម្រោងបន្លែ និងផ្លែឈើកម្ពុជា (ឈេន) ដែលសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានចំនួន១,៥២៥នាក់ ក្នុងនោះ មានស្ត្រីចំនួន១,៣៥០នាក់ ដោយមានស្ត្រីជាមេគ្រួសារ ចំនួន១១០នាក់ផងដែរ។

នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក្នុងឱកាសដែលមន្ទីរកសិកម្មខេត្ត និងគម្រោងបន្លែផ្លែឈើ (ឈេន) រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការចូលរួមសហការ ជាមួយដៃគូ ទាំង៤ខេត្តរួមមាន៖ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងឧត្តរមានជ័យ ក៏ដូចជាអង្កការ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកសិកម្មជាច្រើនរូបទៀត នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា មន្ទីរបានសហការជាមួយគម្រោងបន្លែផ្លែឈើកម្ពុជា (ឈេន) ដោយអនុវត្តន៍ស្រុកគោលដៅ ចំនួន៦ស្រុក ៣០ឃុំ និងភូមិចំនួន៤២ផងដែរ។

លោកបន្តថា ក្នុងឆ្នាំ២០១៨នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានក្រុមកសិករសរុប៦១ក្រុម ដោយក្នុងនោះ មានក្រុមដាំបន្លែចំនួន៦ក្រុម ក្រុមដាំបន្លែពាក់កណ្តាលអាជីព ចំនួន៣០ក្រុម និងក្រុមដាំបន្លែហូបចំនួន២៥ក្រុម។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ កសិករទទួលផលក្នុងគម្រោងនេះ មានចំនួន១,៥២៥នាក់។

លោក ពឹង ទ្រីដា បានថ្លែងថា ជាមួយគ្នានេះដែរ ក៏ត្រូវបានជ្រើសរើសក្រុមថ្មី ចំនួន១៧ក្រុមបន្ថែមទៀត ក្នុងនោះ មានការបណ្តុះបណ្តាល លើការរៀបចំសួនបន្លែ និងបច្ចេកទេសដាំបន្លែ។

ទន្ទឹមនឹងនោះដែរ មន្ទីរកសិកម្ម បានបន្តគាំទ្របច្ចេកទេស និងផ្សាភ្ជាប់ទីផ្សា និងមានមន្ត្រីបច្ចេកទេសគាំទ្រ លើបញ្ហាសត្វល្អិត ជំងឺបច្ចេកទេសថ្មីៗ និងពង្រឹងសមត្ថភាព បណ្តុះបណ្តាលតាមតម្រូវការ និងអនុវត្តន៍ដោះស្រាយបញ្ហាជាក់ស្តែង ដើម្បីបង្កើនផលិតភាពរបស់ពួកគាត់។

លើសពីនេះទៀត បានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់កសិករក្នុងក្រុមគោលដៅ ក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចេកទេសថ្មីៗ ដូចជាការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក កៅស៊ូគ្របរង សំណាញ់ទ្រើង ការជ្រើសរើសពូជធន់ ឲ្យទទួលបានទិន្នផលខ្ពស់ឲ្យត្រូវ និងតម្រូវការទីផ្សារ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវវឌ្ឍនភាពឆ្លុះបញ្ចាំង និងការរៀនសូត្ររបស់ដៃគូ ក្នុងគម្រោងឆ្នាំ២០១៨ ក៏ដូចជាការធ្វើសុពលភាពផែនការ ឲ្យឆ្លើយតបទៅនិងលទ្ធផល របស់គម្រោងក្នុងឆ្នាំ២០១៩ ជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងដៃគូអនុវត្តគម្រោង៕