(ភ្នំពេញ)៖ បញ្ញវន្តខ្មែរឥស្លាម​ដែលបញ្ចប់ការសិក្សាពីអារ៉ាប៊ីសាអូឌីត ជាតំណាងឃោសនិករបស់ក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ចំនួន១៩នាក់ នៅកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងមានការចូលរួមពី លោក ទូនី រ៉សេត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងតំណាងពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា​ផងដែរ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០​១៨។

លោក មូសា អះម៉ាត់ ប្រធានក្រុមបញ្ញវន្តឃោសនិក បានចាត់ទុកជំនួបពិភាក្សានេះ គឺមានសារប្រយោជន៍បំផុត សម្រាប់សហគមន៍ ខណៈសមាសភាព ធនធានមនុស្ស​សំខាន់ៗ ត្រូវបានថ្នាក់ដឹកនាំលើកកម្ពស់ និងផ្តល់កម្លាំងចិត្តឲ្យមានកិច្ចពិភាក្សាប្រមូលផ្តុំ ជាកម្លាំងស្នូលមួយដើម្បីទទួលបានឱកាស ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹងពិតពីច្បាប់ឥស្លាម ការចូលរួមទប់ស្កាត់លំហូរចូលនិកាយស៊ីអ៊ីត និងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាង បញ្ញវន្តជាមួយថ្នាក់ដឹកនាំឥស្លាម។ ជួសមុខឲ្យក្រុមបញ្ញវន្តរឃោសនិក លោកបានអបអរសាទរ ថែមទាំងជំរុញឲ្យពន្លឿនក្នុងការបង្កើតគណៈកម្មការនេះ ឲ្យបានឆាប់ៗផងដែរ។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ជំនួបនេះផ្តោតសំខាន់ទៅលើការគ្រោងបង្កើតឲ្យមាន គណៈកម្មការក្រុមប្រឹក្សាវិន័យ សាសនាឥស្លាមមួយ ដែលហៅថា (Shura) ក្រោមឆ័ត្រគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលនឹងមានសមាសភាពពីបញ្ញវន្ត បញ្ចប់ការសិក្សាច្បាប់ឥស្លាមពីបណ្តាប្រទេសផ្សេងៗ ដើម្បីរួមសហការគ្នាពិគ្រោះយោបល់ ឆ្ពោះទៅរកការអនុវត្តធម៌វិន័យសាសនាឥស្លាមលើគោលការណ៍ និយមកណ្តាលមួយ ប្រកបដោយការអនុគ្រោះ​អត់ឱន ​ជាពិសេសពង្រឹងកិច្ចសហការចូលរួមលើកស្ទួយ អភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមឲ្យកាន់តែប្រសើរឡើង ក្រោមម្លប់សន្តិភាព សុខដុមបនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា លោកនឹងពន្លឿនគណៈកម្មការនេះ ឲ្យលេចចេញជារូបរាងឡើង នៅដើមឆ្នាំ២០១៩ ខាងមុខនេះ៕