(ភ្នំពេញ)៖ ជាថ្មីម្តងទៀត កញ្ញា កឹម មនោវិទ្យា កូនស្រីសំណបចិត្តរបស់ លោក កឹម សុខា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានបន្តចេញមកព្រលះធ្ងន់ៗចំពោះ លោក សម រង្ស៉ី ថាមិនមានការយល់ដឹងអំពីច្បាប់ និងជាប្រធានស្តីទីខ្យល់ប៉ុណ្ណោះ សម្រាប់អតីតគណបក្សសង្រ្គោះជាតិ។

កញ្ញា កឹម មនោវិទ្យា បានអះអាងនៅលើ Facebook របស់នាងយ៉ាងដូច្នេះថា៖ «បេី​ចាត់ទុកថា CNRP មិនរលាយដូចតុលាការប្រកាសទេ​ នោះត្រូវ​គេារពក្របខណ្ឌលក្ខន្តិក: CNRP។ CNRP តែងចេញសេចក្តីថ្លែងការណ៍ជារឿយៗថា មិនទទួលស្គាល់ការរំលាយទេ​ នៅតែប្រតិបត្តិតាមលក្ខន្តិក:ជានិច្ច»

កញ្ញាបានបន្តថា «បេី​ចាត់ទុកថា​CNRP រលាយហេីយ​ គ្មានមានលក្ខន្តិក:ទៀតទេ​ នេាះមាននយ័ថា គ្មានបក្សឈ្មេាះ​គសជ​ CNRP ទៀតទេ​ ដូច្នេះ​ម្តេច​បានជាហៅថាការប្រជុំ CNRP និងប្រធានCNRP? បេីហ៊ាននិយាយថា CNRP រលាយហេីយ​ អញ្ចឹង​នេាះជា Conference ខ្យល់​ ប្រធាន​ស្តី​ទី​ខ្យល់! អន្តរជាតិ​ អន្តរជាតិៗៗៗ​ ធ្វើ​គ​ ធ្វេីថ្លង់​ ធ្វើ​ខ្វាក់​ឬ​ បានជាមិនដឹងពីដំណេីរការរកដំណេាះស្រាយរបស់អន្តរជាតិ? ដែលគេជិតមកដល់ទីបញ្ចប់ទៅហេីយ»

សូមបញ្ជាក់ថា ប្រតិកម្មជាបន្តបន្ទាប់របស់ កូនស្រីលោក កឹម សុខា និងក្រុមអ្នកគាំទ្រលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី រៀបចំស​ន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដោយសម្រេចផ្តល់តំណែងប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិ ឱ្យទៅ​ លោក សម រង្ស៉ី ខណៈដែល លោក សម រង្ស៉ី បានលាចេញពីតំណាងនានារបស់ក្រុមប្រឆាំងនេះរួចទៅហើយ។

លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំស​ន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕