(វៀងច័ន្ទ)៖ ប្រទេស​លាវ ឬ ប្រទេស​ឡាវ ​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​សម្តេច​តេជោ ហ៊ុន សែន នឹងបំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

ខាងក្រោម​ជា​ស្ថានភាព​ទូទៅ ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​នេះ៖ ​

* ឈ្មោះ​ជាផ្លូវការ​៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
* រដ្ឋធានី៖ វៀងច័ន្ទ
* ភាសា​ផ្លូវ​ការ​៖ ភាសាលាវ
* របបដឹកនាំ៖ សាធារណរដ្ឋសង្គមនិយម
* រដ្ឋាភិបាល៖ ក្រោម​ការ​ដឹក​នាំ​ដោយ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី
* ទទួលបាន​ឯករាជ្យ​ពី​បារាំង​៖ ថ្ងៃ​ទី ១៩ កក្កដា ១៩៤៩
* ផ្ទៃ​ដី៖ ២៣៦ ៨០០ គីឡូម៉េត្រការ៉េ (លំដាប់ទី៨៣លើ​ពិភពលោក ក្នុង​នោះ​មាន​ផ្ទៃ​ទឹក​២%)
​* ចំនួនប្រជាជន៖ ៦ ៥២១ ៩៩៨ (លំដាប់ទី១០៦) (ស្ថិតិ​ឆ្នាំ​២០០៧)
* ដង់ស៊ីតេ៖ ២៥នាក់​/ គីឡូម៉ែត្រ​ការ៉េ (លំដាប់​ទី​១១៧​លើ​ពិភពលោក)
* រូបិយប័ណ្ណ៖ គីប (LAK)
* កូដទូរស័ព្ទប្រទេស​៖ +៨៥៦

I. ប្រវត្តិសាស្ត្រ៖

ប្រទេស​ឡាវ មាន​ដើម​កំណើត​រដ្ឋ​ចេញ​ពី​រាជាណាចក្រ​លានជាង (មានន័យ​ថា​ដំរី​រាប់​លាន) ដែល​បាន​ក​កើត​ឡើង​នៅ​សត វត្សរ៍​ទី ១៤ នៃ​គ.ស. ដោយ​ព្រះ​ចៅ​ ហ្វាងុម។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូតដល់​​សតវត្សរ៍​ទី១៨ ​នៃ​គ.ស. តែ​ត្រូវ​បែក​បាក់​ជា ៣ រហូត​​ចុង​ក្រោយ​ត្រូវ​សៀម​ត្រួត​ត្រា។

នៅ​សតវត្សរ៍​ទី ១៩ ដែនដី​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ នៅ​ក្រោម​អាណាព្យាបាល​បារាំង វៀងច័ន្ទន៍​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​ឡាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី២ បាន​មួយ​រយៈ​ខ្លី ប្រទេសឡាវ ​​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ​ជា​អកុសល អាណាព្យាបាល​បារាំង​បាន​ត្រឡប់​មក​កាន់​កាប់​ដែនដី​នេះ​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០។ ប្រទេស ឡាវ​បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​នៅ​ឆ្នាំ ១៩៥៤ ដោយ​ប្រកាន់​​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

ក្នុង​សម័យ​សង្គ្រាម​វៀតណាម ​តំបន់​ភាគ​ខាង​កើត​របស់ប្រទេស​ឡាវ ធ្លាក់ក្រោម​ការ​​​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង ធ្វើ​​ជា​មូលដ្ឋាន​ជញ្ជូន​សព្វាវុធ​ និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​​ដើម្បី​​ត​ទល់​នឹង​កង​ទ័ព​វៀតណាម​ខាង​ត្បូង​។ ជា​ការ​ឆ្លើយ​តប អាមេរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​​ប្រឆាំង​របប​កុម្មុយនិស្ត​។ ទីបំផុត​​រដ្ឋប្រហារ​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ហើយ​​សង្គ្រាម​ស៊ីវិល​រវាង​រាជរដ្ឋាភិបាលឡាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។

នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង ​ជាមួយ​នឹង​អាវុធ​ទំនើប​ៗ បាន​បើក​ការ​វាយ​ប្រហារ​​មក​លើ​​កងទ័ព​ឡាវ ព្រមទាំង​ដាក់​ពង្រាយ​ទ័ព​មួយ​ផ្នែក​ធំ​នៃ​ផ្ទៃ​ប្រទេស​ ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង ​ក្នុង​ប្រទេស​ឡាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវ​លំ​ហូជីមិញ។ តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ ការ​​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក ​នៅ​​លើ​ទឹកដី​នៃ​ប្រទេស​ឡាវ​​ពី​ឆ្នាំ​១៩៧១ ដល់១៩៧៣ ច្រើន​ជាង​គ្រាប់​បែក​ដែល​​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​អំឡុង​​សង្គ្រាម​លោក​លើក​ទី២ ​សរុប​ចំនួន​​២លាន​តោន។

នៅ​ទី​បំផុត​នៅ​ឆ្នាំ១៩៧៥ ចលនា​​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​ និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​​ជម្នះ​លើ​រដ្ឋាភិបាល​រាជា​និយម​ បង្ខំ​ឲ្យ​ព្រះ​រាជា​ដាក់​រាជ្យ ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​គត់​ព្រះ​អង្គ​។ ​ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​ ប្រទេស​ឡាវ​បាន​លុប​បំបាត់​របប​រាជា​និយម ព្រមទាំង​ប្រែ​​ឈ្មោះ​ថ្មីថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ហើយ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលផ្តល់ឱ្យវៀតណាមនូវសិទ្ធិ​ក្នុង​ការ​ដាក់​ពង្រាយ​​កម្លាំង​ប្រដាប់​អាវុធ និងតែងតាំងទីប្រឹក្សាលើ​ប្រទេសឡាវ។

នៅក្នុងកាសែតដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩០ សកម្មជនសិទ្ធិមនុស្ស Vang Pobzeb បាន​សរសេរ​ថា​ ឡាវ ធ្លាក់​ក្រោម​អាណានិគម​វៀតណាម ចាប់​តាំង​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៥ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​វៀតណាម​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង និង​ខាងក្រៅ។ តាមរយៈសន្ធិសញ្ញា​រវាង​ឡាវ និង​វៀតណាម ឆ្នាំ​១៩៧៧ មិន​ត្រឹម​តែ​ផ្តល់​សិទ្ធ​ដោយ​ផ្ទាល់​ដល់​វៀតណាម ក្នុងគោលនយោបាយ​ការ​បរទេស​ប៉ុណ្ណោះ​ទេ ប្រទេស​វៀតណាម​ថែម​ទាំង​សិទ្ធ​ក្នុង​ការលូក​ដៃ​ក្នុង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​គ្រប់​កម្រិត​ផងដែរ។ ​​

ក្នុង​ឆ្នាំ​១៩៧៩ ប្រទេសឡាវ ត្រូវបានស្នើសុំ​ឱ្យ​បញ្ចប់​ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលនាំឱ្យ​ប្រទេស​នេះ​ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនាក់​ជាមួយ​ប្រទេសចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ នៅឆ្នាំ​១៩៧៩ នៅ​លើ​ទឹកដី​ឡាវ មានកងទ័ពវៀតណាមចំនួន៥០​ពាន់​នាក់ មន្ត្រីវៀតណាមស៊ីវិលជាង៦​ពាន់​នាក់នាក់ ក្នុងនោះ​១ពាន់នាក់​ បាន​លូក​ដៃ​ដោយ​ផ្ទាល់​ទៅ​​ក្នុង​ក្រសួងនានា​នៃ​រដ្ឋាភិបាល​ទីក្រុងវៀងចន្ទន៍។

II. ស្ថានភាព​ភូមិសាស្ត្រ និង​អាកាសធាតុ

ប្រទេស​​ឡាវ ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់​ប្រទេស​ចិន និង មីយ៉ាន់ម៉ា ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​ឡាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។
ស្ថាន​ដី​ប្រទេស​នេះ​សម្បូរ​ដោយ​​ភ្នំ​ និង​ខ្ពង់​រាប និង​​ជា​ជម្រក​របស់​សត្វ​ព្រៃ​កម្រៗ​ជា​ច្រើន។ ប្រទេស​ឡាវ​ ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ប្រទេស​នៅ​តំបន់ត្រីកោណមាស​ដោយ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អាភៀន​ប្រមាណ៣៧០០ ហិកតា​នៅ​ឆ្នាំ២០០៧។ ប្រទេស​​នេះ ​ស្ថិត​នៅ​តំបន់ត្រូពិច​ ទទួល​ឥទ្វិពល​របប​ខ្យល់​រដូវ ​មាន​រដូវ២ គឺរដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​វិច្ឆិកា និង​រដូវ​ប្រាំង​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា។ ប្រទេស​ឡាវ​​ចែកចេញជា ១៦ខេត្ត និង​មាន​រដ្ឋធានី​នៅវៀងចន្ទន៍។

III. សេដ្ឋកិច្ច

សេដ្ឋកិច្ច​ឡាវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជិត​ខាង។ ប្រទេស​នេះ​ពុំសូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ឡើយ ជាក់ស្តែង​សូម្បី​ផ្លូវ​ដែក​ក៏​គ្មាន​ផងដែរ។ នៅ​តំបន់​ជនបទ ការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​​នៅ​មាន​កម្រិត។ ផលិតផល​ក្នុង​ស្រុក​ពាក់​កណ្ដាល បាន​ពី​វិស័យ​កសិកម្ម ត្រូវ​បាន​​ប្រើ​ប្រាស់​ដោយ​​ប្រជាជន​ ៨០% ។ ប្រទេស​ឡាវ​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍​តិច​ជាង​គេ​នៅ​ក្នុង​មហាអនុតំបន់មេគង្គ។ ជាក់​ស្តែង​ផ្ទៃ​ដី​ដាំ​ដុះ​មាន​តែ ៤,០១% ប៉ុណ្ណោះដោយ​ក្នុងនោះ​​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍ មាន​តែ ០,៣៤% ប៉ុណ្ណោះ ដោយ​ស្រូវ​ជា​ដំណាំ​សំខាន់​ជាង​គេ។

សេដ្ឋកិច្ច​ឡាវ​ទទួល​ជំនួយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ប្រភព​​​ថវិកា​អន្តរជាតិ​ដទៃ​ទៀត​ ក៏​ដូច​ជា​​ការ​វិនិយោគ​ទុន​ពី​បរទេស​។ វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ប្រទេស​ឡាវ។ ​យ៉ាងនេះ​ក្តី សេដ្ឋកិច្ច​ឡាវ រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ពី​បាតុភូត​លំហូរ​ចេញ​នូវ​ធន​ធាន​មនុស្ស។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០៥ របស់​ធនាគារពិភពលោក បាន​ឱ្យ​ដឹង​ថា​ ៣៧% នៃ​អ្នក​ចេះ​ដឹង​​​របស់​ប្រទេស ​ឡាវ​ សម្រេច​ចិត្ត​ទៅ​រស់​នៅ​បរទេស។

IV. ប្រជាជន​

​ប្រជាជន​ឡាវ​ ៦៩% ជា​ជន​ជាតិ​លាវ។ ក្រុម​ជនជាតិ​មួយ​​នេះ​កាន់​កាប់​តំបន់​ទំនាប និង​ដើរ​តួ​នាទី​ចម្បង​ក្នុង​វិស័យ​នយោបាយ ​និង​វប្បធម៌។ ជន​ជាតិ​លាវ​ស្ថិត​ក្នុង​អម្បូរ​ ​ជនជាតិ​តៃ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ចិន​។ អ្នក​ស្រុក​ភ្នំ ​និង​ជន​ជាតិ​ភាគ​តិច​នៅ​ប្រទេស​ឡាវ​ ​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​ឡាវ។ កុលសម្ព័ន្ឋ​​ចម្រុះ​ជាតិ​សាសន៍ វប្បធម៌​ និង​ភាសា ​នៅ​មាន​ជីវិត​នៅ​តំបន់​​ភាគ​ខាង​ជើង​នៃ​ប្រទេស រួម​មាន​ជន​ជាតិ​លួ និង​ជន​ជាតិ​ឃ្មុ ដែល​ជា​ជន​ជាតិ​ដើម​​ឡាវ។ បច្ចុប្បន្ន ជន​ជាតិ​លួ​ ស្ទើ​តែ​​ជិត​ផុត​ពូជ​ទៅ​ហើយ។ ចំណែក​ក្រុម​ជន​ជាតិ​ចិន ​និង​វៀតណាម ​ច្រើនរស់នៅ​តាម​​ទី​ក្រុង។

V. វប្បធម៌

ភាសា​ផ្លូវ​ការ​នៅ​ឡាវ​គឺ​ភាសា​លាវ ដែល​ស្ថិត​ក្នុង​អំបូរ​ភាសា​តៃ។ ភាសាបារាំងដែល​មាន​ប្រើ​ជា​ទូទៅ​ក្នុង​​ជួរ​​រដ្ឋាភិបាល​ និង​ពាណិជ្ជកម្ម បាន​ចុះ​ទន់​ខ្សោយ​បន្ដិច​ម្ដងៗ ខណៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស កាន់​តែ​ពេញ​និយម។

ព្រះ​ពុទ្ឋសាសនា​ថេរវាទ​មាន​ឥទ្ឋិពល​ជា​ចម្បង​ដល់​វប្បធម៌ឡាវ ដែល​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ភាសា សិល្បៈ អក្សរសាស្ត្រ ជា​ដើម។ យ៉ាង​នេះ​ក្ដី វប្បធម៌​ដើម​របស់​ឡាវ​​មួយ​ចំនួន​ដែល​មាន​ជីវិត​តាំង​ពី​​មុន​ការ​មក​ដល់​នៃសាសនា​ព្រះ​​ពុទ្ឋ​សាសនា​នៅ​តែ​ត្រូវ​បាន​បន្ត​ថែរក្សា​ដល់​បច្ចុប្បន្ន ដូច​ជា គែន ដែល​ជាឧបករណ៍​តន្ត្រី​របស់​ជាតិ មាន​កំណើត​តាំង​ពី​បុរេប្រវត្តិ​មក​ម៉្លេះ។ សូម​ជម្រាប​ថា ប្រទេស​ឡាវ ​មាន​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ២ គឺ ហ្លួង​ព្រះ​បាង​ និង​វត្តភូ។

ដោយ​ស្រូវ​ជា​អាហារ​ចម្បង​នៅ​ប្រទេសឡាវ ទើប​មាន​ពិធី​សាសនា​ និង​ប្រពៃណី​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​បង្ក​បង្កើន​ផល​ស្រូវ។ ជាក់ស្តែង អ្នក​ស្រែ​ជន​ជាតិ​ឃ្មុ​នៅ​ហ្លួង​ព្រះ​បាង តែង​ដាំ​ស្រូវ​ប្រភេទ​ខាវកាំ​ក្នុង​បរិមាណ​តិច​តួច​មួយ​នៅ​ក្បែរ​ខ្ទម​ ជា​ការ​រំលឹក​គុណ​ដល់​មាតា​បិតា​របស់​គេ​ដែល​បាន​ចែក​ឋាន​ទៅ ឬ​ក៏​ដាំ​នៅ​ក្បែរ​ភ្លឺ​ស្រែ​ដើម្បី​បញ្ជាក់​ថា មាតា​បិតា​របស់​គេ​នៅ​មាន​ជីវិត៕