(ភ្នំពេញ)៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយកើតឡើង នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន​ការបាញ់តដៃគ្នាមួយប្រាវ រវាងកម្លាំងនគរបាល​ និងមន្ដ្រីយោធាស្លៀកពាក់ស៊ីវិល​មួយក្រុម ដែលមានបក្ខពួក៤នាក់ បណ្ដាលឲ្យមន្ដ្រីយោធាម្នាក់រងរបួសបាក់ភ្លៅ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះអធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា មិនទាន់បាន​បញ្ជាក់ថា មូលហេតុអ្វីឲ្យប្រាកដនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដំបូងឡើយជនសង្ស័យបានចូលផឹកស៊ីនៅហាងមួយកន្លែង ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយក៏ទាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យ បានទាញកាំភ្លើងបញ្ចូលគ្រាប់ ពេលនេះក៏មានពលរដ្ឋទូរស័ព្ទមករាយការណ៍ជូនសមត្ថកិច្ច​ ដើម្បីចេញអន្ដរាគមន៍។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ ព្រោះពេលនេះកំពុងធ្វើការសួរនាំបន្ដតាមនីតិវិធី៕​​